(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញឆន្ទៈស្វាគមន៍វត្តមានរបស់សង្គមស៊ីវិល ធ្វើជាដៃគូល្អរួមគ្នា លើកកម្ពស់សិទ្ធិជនមានពិការភាព ឱ្យកាន់តែរីកចម្រើនថែមទៀត។
ការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលលោក ទទួលជួបលោកស្រី ម៉ាក់ ម៉ូលីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់ទទួកភ្ញៀវភោជនីយដ្ឋាន ឌឹដ្រាម រាជធានីភ្នំពេញ។
លោក ឯម ច័ន្ទមករា បន្តទៀតថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវការដៃគូសហការដែលមានតម្លាភាព រួមគ្នាអនុវត្តសកម្មភាព ដើម្បីជនមានពិការភាពទទួលបានផលប្រយោជន៍ ជាក់លាក់ និងមានប្រសិទ្ធភាព។
អគ្គលេខាធិការរូបនេះបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះបញ្ហាជនមានពិការភាព ត្រូវបានដោះស្រាយជាជំហ៊ាន និងមានសក្តិសិទ្ធភាព ជាក់ស្តែងការរើសអើសរបស់សង្គមមកលើកជនមានពិការភាព ត្រូវបានផ្លាស់ប្តូរទាំងឥរិយាបទ និងអាកប្បកិរិយា។
លោក ឯម ច័ន្ទមករា ក្នុងឋានៈជាអ្នកការពារផលប្រយោជន៍ របស់ជនមានពិការភាព បានផ្តល់អនុសាសន៍ដល់តំណាងអង្គការជនពិការកម្ពុជា ចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ២០១៩-២០២៣ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ក្នុងទិសដៅរួមធ្វើឱ្យស្ថានភាពជនមានពិការភាពកម្ពុជា មានការប្រែប្រួលទាំងកម្រិតជីវភាពរស់នៅ ឱកាសការងារ ព្រមទាំងការចូលរួមក្នុងសង្គមស្មើសិទ្ធិជាមួយជនមិនមានពិការភាព។
ជាមួយគ្នានោះ នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា លោកស្រី ម៉ាក់ ម៉ូលីកា បានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ នាពេលកន្លងមក និងបានស្នើសុំការគាំទ្រពីអគ្គខាធិការដ្ឋាន សម្រាប់ការអនុវត្តសកម្មភាពបន្ត របស់អង្គការជនពិការកម្ពុជា៕