(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នសិក្សាស្រាវជ្រាវមួយរបស់កម្ពុជា នឹងបើកវេទិកាជជែកពិភាក្សាមួយស្តីពីការត្រៀមខ្លួនរបស់កម្ពុជា ចំពោះមុខនៃបញ្ហាសេដ្ឋកិច្ចបង្កឡើងដោយវិបត្តិជំងឺកូវីដ១៩ និងការដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបជាដើម។ វេទិកានេះ ក៏នឹងជជែកពិភាក្សាពីការប្រឈមរបស់កម្ពុជាជុំវិញការប្រកួតប្រជែងឥទ្ធិពលពីប្រទេសមហាអំណាចលើពិភពលោកអាមេរិក និងចិនផងដែរ។
វាគ្មិនដែលនឹងចូលខ្លួនមកជជែកពិភាក្សាលើបញ្ហាទាំងនេះរួមមាន៖ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ, កញ្ញា ពេជ្រ ចារ៉ាឌីន នាយិការងប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត គិន ភា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា វេទិកានេះរៀបចំឡើង ដើម្បីផ្តល់ជាការឆ្វេងយល់ដល់សាធារណជនពីបញ្ហាប្រឈមរបស់កម្ពុជានាពេលបច្ចុប្បន្នលើបញ្ហាសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ ក៏ដូចជាការដកប្រព័ន្ធអនុគ្រោះពន្ធទំនិញពីសហគមន៍អឺរ៉ុប។ ក្រៅពីនោះក៏មានការជជែកលើបញ្ហាប្រឈមរបស់កម្ពុជានៅចំពោះមុខការប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាចលើពិភពលោកសហរដ្ឋអាមេរិក និងចិនផងដែរ។
លោកបណ្ឌិត សុខ ទូច បានអះអាងថា វេទិកានេះ នឹងរួមចំណែកផ្តល់ធាតុចូលផ្សេងៗសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំខ្លួនក្នុងការដោះស្រាយ ក៏ដូចជាបញ្ចៀសខ្លួនពីបញ្ហាទាំងឡាយដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន។
អង្គភាពព័ត៌មាន Fresh News នឹងផ្សាយផ្ទាល់នូវវេទិកានេះ តាមរយៈបណ្តាញផ្សព្វផ្សាយដ៏សម្បូរបែបរបស់ខ្លួនមានដូចជា៖ Fresh News TV, App របស់ Fresh News, គេហទំព័រ (http://freshnewsasia.com), ទំព័រ Facebook (https://facebook.com/freshnewsasia)និង Youtube (https://www.youtube.com/freshnewsvideo) ផងដែរ៕