(បាត់ដំបង)៖ លោក គឹម ប្រុស អនុប្រធានសាខាកាំកុងត្រូល ខេត្តបាត់ដំបង សហការជាមួយលោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំមន្រ្តីជំនាញមួយក្រុមចុះពិនិត្យ ស្វែងរកមើលសារធាតុគីមី ហាមឃាត់លើចំណីអាហារ នៅផ្សារបឹងឈូក ស្តង់បោះដុំតាមផ្ទះ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ជាលទ្ធផលមន្ត្រីកាំកុងត្រូល បានបង្ហាញថាចំពោះហានិភ័យ នៃកម្រិតគីមី ក្នុងផលិតផលទាំងនេះពុំមានសារធាតុគីមី Sodium Hydrosulfite នោះទេ។
លោក គឹម ប្រុស បានឲ្យដឹងថា យោងតាមការណែនាំ របស់លោកអគ្គនាយកនៃអគ្គនាកដ្ឋានកាំកុងត្រូល និងសាខាខេត្តធ្លាប់ធ្វើជាប្រចាំកន្លងមក នាព្រឹកនេះ លោកបានសហការជាមួយ លោក គឹម ហួត និងមន្ត្រីជំនាញមួយចំនួន បានចុះពិនិត្យស្វែងរកមើលសារធាតុគីមី ហាមឃាត់លើចំណីអាហារ នៅផ្សារបឹងឈូក និងនៅតាមស្តង់បោះដុំតាមផ្ទះ មានដូចជា៖ ស្ករត្នោត ប្រហុក គល់ស្លឹកគ្រៃ បន្លែចិត្តស្រាប់ យកមកពិសោធន៍ នៅចំពោះមុខម្ចាស់ទំនិញទាំងនោះ ដោយឃើញលទ្ធផលថា ទំនិញម្ហូបអាហារទាំងនោះពុំមាន លាយសារធារតុគីមី Sodium Hydrosulfite នោះឡើយ។
លោក គឹម ប្រុស ក៏បានណែនាំ និងអំពាវនាវ ដល់អាជីវករដែលលក់ទំនិញ នៅទីផ្សារទាំងនោះ និងអ្នកប្រើប្រាស់ថា បើលក់ដូរផលិតផលម្ហូបអាហារទាំងនេះប្រចាំថ្ងៃ សូមមេត្តាកុំដាក់សារធាតុហាមឃាត់ខាងលើឲ្យសោះ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ វាអាចបង្កឲ្យកើតមានជម្ងឺផ្សេងៗដូចជា៖ ជម្ងឺមហារីក ខូចប្រព័ន្ធរំលាយអាហារ ខូចសរសៃប្រសាទ និងឆាប់ខូចសុខភាពបន្តពូជផងដែរ។ លោកបានបញ្ជាក់ទៀតថា កន្លងមកកម្លាំងជំនាញរបស់លោក តែងតែចុះត្រួតពិនិត្យជាប្រចាំ និងបន្តធ្វើការត្រួតពិនិត្យ លើចំណីគ្រប់ប្រភេទ ដែលសង្ស័យមានដាក់លាយសារធាតុ Sodium Hydrosulfite បន្តបន្ទាប់ទៀត៕