(ភ្នំពេញ)៖ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលបានប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោត ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ប្រភេទ១ និងប្រភេទ២អស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) បានផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតរបស់ខ្លួនគ្រប់ៗគ្នា សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្តូ រ ឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ (អនឡាញ) លើកដំបូង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសគ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ប្រព័ន្ធផ្លាស់ប្តូរឯកសារនេះ នឹងដំណើរការតាមគេហទំព័រ voterlist.nec.gov.kh ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
អ្នកមានឈ្មោះ និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីមានឈីប (Chip) ដូចគ្នាទៅនឹងឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ អាចស្នើសុំផ្លាស់ប្តូរ អ.ខ ប្រភេទថ្មីរបស់ខ្លួនតាមអនឡា ញ ចាប់ពី ថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
អ្នកមានឈ្មោះ ឬ/និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីមានឈីប (Chip) ខុសគ្នាទៅនឹងឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ត្រូវទៅជួបជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅដើម្បីស្នើសុំកែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត ឱ្យដូចគ្នាទៅនឹងឈ្មោះ ឬ/និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីរបស់ខ្លួន ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖