(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «ការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិត» នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងថា ឥទ្ធិពលនៃវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យអ្នកទៅបរិច្ចាគឈាមមានការថយចុះយ៉ាងខ្លាំង។
លោក សុខ ប៉ូ បានលើកឡើងថា វិបត្តិកូវីដ១៩នេះ បានធ្វើឲ្យប៉ះពាល់ជាសកលោក ចំពោះពិភពលោកទាំងមូល លើគ្រប់វិស័យទាំងអស់។ បន្ថែមលើនេះ ការផ្តល់ឈាមនៅកម្ពុជា ក៏មានផលប៉ះពាល់ខ្លាំងដែរ ដោយសារអ្នកស្ម័គ្រចិត្តដល់ការបរិច្ចាគឈាមដោយមិនគិតកម្រៃ ត្រូវអនុវត្តន៍វិធានការរក្សាគោរពគម្លាតសង្គម គម្លាតបុគ្គល និងបញ្ហាអនាម័យផ្សេងៗ ធ្វើឲ្យគាត់គិតថាស្មុគស្មាញច្រើនពេក ហើយម្យ៉ាងទៀត ពួកគាត់ក៏ខ្លាចឆ្លងកូវីដ១៩ ទៀតផង។
«នៅក្នុង ៦ខែដើមឆ្នាំ២០២០នេះ វាធ្លាក់មកដល់ត្រឹមតែ ១០ភាគរយជាងទេ។ អញ្ចឹងមានការប៉ះពាល់ច្រើនណាស់។ វាសឹងតែ ៥០ភាគរយឯណោះ»។ នេះជាការបញ្ជាក់របស់ លោក សុខ ប៉ូ។
លោកបន្តថា «បើពីឆ្នាំមុន មានអ្នកស្ម័គ្រចិត្ត ១២,០០០នាក់ ថយចុះពាក់កណ្តាលឯណោះ។ អញ្ចឹង វាអត់ដល់ ១០,០០០នាក់ទេ សម្រាប់អ្នកស្ម័គ្រចិត្តឆ្នាំ២០២០។ ក៏ប៉ុន្តែ ទោះបីយ៉ាងណា ក៏យើងខិតខំធ្វើយុទ្ធនាប៉ុន្មានខែចុងក្រោយនេះ ដើម្បីស្តារលទ្ធភាព នៃការប្រមូលឈាមឲ្យបានច្រើនដែរ»។
លោក សុខ ប៉ូ បន្ថែមទៀតថា ចំនួនឈាម ដែលទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្ត មិនទាន់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅឡើយទេ ហើយបើតាមបច្ចេកទេសកម្រិតអន្តរជាតិ បើអាចគ្រប់តាមតម្រូវការបាន ទាល់តែមានការបរិច្ចាគឈាមពីសំណាក់ ពី១ភាគរយនៃចំនួនប្រជាជនសរុប។ ក្នុងនោះសម្រាប់កម្ពុជា ក្នុងចំណោម១៦លាននាក់ ត្រូវមានប្រមាណ ១៦ម៉ឺននាក់ឡើងលើ ទើបមានឈាមគ្រប់គ្រាន់។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមរូបនេះ បានសង្កត់ធ្ងន់ថា ឈាមមិនអាចផលិតដោយរោងចក្រ ឬក៏ឱសថស្ថាន ឬក៏វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់ណាមួយបានទេ គឺឈាមអាចបានអាស្រ័យ ទៅលើការបរិច្ចាគពីមនុស្ស។ ហេតុនេះហើយ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីស្រោចស្រង់ជីវិតមនុស្សជាតិ៕