(កំពង់ស្ពឺ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងរំលឹកឲ្យកងទ័ពបន្តពង្រឹង និង លើកកម្ពស់កិច្ចការពារបូរណភាពទឹកដីឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការពារសន្តិភាព និង ថែរក្សាឲ្យបានស្ថិរភាពនយោបាយ ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គម។
ការថ្លែងបែបនេះរបស់នាយឧត្ដមសេនីយ៍ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលពលទាហានបំពេញក្របខ័ណ្ឌ និង បើកវគ្គបណ្តុះបណ្តាលជំនាញរ៉ាដាការពារអាកាស និងកាំជ្រួច KS-1A នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋានការពារអាកាស ដែលមានមូលដ្ឋានស្ថិតក្នុងខេត្តកំពង់ស្ពឺ។
នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការបានបន្តថា ជាក់ស្ដែងការចាត់តាំងហ្វឹកហ្វឺន នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ មិនគ្រាន់តែជាការបង្កើនសមត្ថភាព ឲ្យដល់កងទ័ពជំនាញប៉ុណ្ណោះទេ តែក៍ជាកិច្ចឆ្លើយតបទៅនឹងសំណូមពរ នៃគោលការណ៍ធ្វើកំណែទម្រង់ កងយោធពលខេមរភូមិន្ទ រយៈពេលយូរអង្វែង និង ការត្រៀមលក្ខណៈទទួលរ៉ាប់រង អនុវត្តភារកិច្ចឲ្យមានប្រសិទ្ធភាពផងដែរ។
ដើម្បីជាមូលដ្ឋានដល់ការដឹកនាំ បំពេញភារកិច្ចបំរើជាតិ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ រួមគ្នាបន្តយកចិត្តទុកដាក់ភារកិច្ច១០ចំណុច តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងឱកាសរំលឹកខួបលើកទី២០ នៃការបង្កើតកងទ័ពជើងគោក។
នាយឧត្ដមសេនីយ៍ បានក្រើនរលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវមានស្មារតីស្មោះត្រង់ចំពោះជាតិមាតុភូមិ លើកកកម្ពស់មនសិការស្នេហាជាតិ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី និងគោរពយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា ច្បាប់លក្ខន្តិក បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាច្បាប់នានារដ្ឋ។ ជាមួយនេះ ត្រូវប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ ហើយប្តូរផ្តាច់ការពារសន្តិភាព និងរក្សាស្ថិរភាពនយោបាយ ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ និងគាំទ្រការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី។
ដោយឡែកសម្រាប់សិក្ខាកាមដែលទើបបញ្ចប់វគ្គ និងត្រូវបន្តវគ្គបណ្តុះបណ្តាលជំនាញរ៉ាដាការពារអាកាស និង កាំជ្រួច KS-1A ត្រូវបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រ ស្តាប់គ្រូឧទ្ទេសនាម ដើម្បីក្លាយជាយោធិនជំនាញ ប្រកបដោយសមត្ថភាព និងមានការសាមគ្គីភាព ទាំងជាមួយថ្នាក់ដឹកនាំ ក៏ដូចជាយោធាចារ្យ និងសិក្ខាកាមរួមវគ្គ ជាពិសេសជាមួយប្រជាពលរដ្ឋ នៅជុំវិញមូលដ្ឋានឈរជើង។
បើតាមរបាយការណ៍ហ្វឹកហ្វឺនបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលពលទាហានបំពេញក្របខ័ណ្ឌ ដែលទើបបានបញ្ចប់នាពេលនេះ មានសិក្ខាកាមសរុប១៥០ នាក់ ដោយបានហ្វឹកហាត់រៀនសូត្រ និងលត់ដំខ្លួននៅក្នុងសាលារយៈពេល៣ខែ ហើយត្រូវបន្តចូលហ្វឹកហ្វឺនវគ្គបណ្តុះបណ្តាលជំនាញរ៉ាដាការពារអាកាស និង កាំជ្រួច KS-1A រយៈពេល៦ខែទៀត មុននឹងចេញទៅបំពេញភារកិច្ចជាក់ស្ដែង៕