(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្តល់អនុសាសន៍ចំនួន៣ចំណុច ដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក្រសួង ស្ថាប័នពាក់ព័ន្ធទាំង៣៥ ដើម្បីយកទៅអនុវត្តការងារព្រំដែនជាមួយប្រទេសជិតខាង ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ការផ្តល់អនុសាសន៍ទាំង៣ចំណុច របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ នៅវិមានសន្តិភាព។

អនុសាសន៍ទាំង៣ចំណុចនេះរួមមាន៖

ទី១៖ ខិតខំរួមគ្នាបំពេញភារកិច្ច ដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រ ក្នុងការបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលនៅសល់ ឱ្យបានបញ្ចប់ជាស្ថាពរ តាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញក្នុងគោលបំណងពង្រឹងបន្ថែមទៀត នូវកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃយើង។

ទី២៖ គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី ដែលទទួលបានផែនទីឋានលេខាព្រំដែនខ្នាត ១/២៥០០០នេះ សូមថែរក្សាឱ្យបានគង់វង្សយូរឆ្នាំ និងយកទៅប្រើប្រាស់ដោយស្មារតីទទួលខុសត្រូវ ក្នុងការបម្រើប្រយោជន៍ជាតិមាតុភូមិនៃយើង ប្រកបដោយសិទ្ធភាពខ្ពស់ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមជាមួយគ្នា ថែរក្សាបង្គោលព្រំដែនឱ្យបានល្អ ស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍជានិរន្តរ៍ ដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិតរៀងទៅ។

ទី៣៖ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ឱ្យមានប្រសិទ្ធភាពទាន់ពេលវេលា ចំពោះជនទាំងឡាយណា ក្រុមណាម្នាក់ ឬគណបក្សណាមួយ ឬចលនាក្នុងសង្គម នាំឱ្យគ្រោះថ្នាក់ប្រទេសជាតិ និងប្រជាជន តាមរយៈការធ្វើឱ្យបែកបាក់សាមគ្គីជាតិ និងឯកភាពជាតិបង្កឱ្យមានអារិភាពជាតិសាសន៍ និងការបង្កប្រឆាំងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងអ្នកជិតខាងល្អជាប់ព្រំដែនគ្នា៕