(ភ្នំពេញ)៖ ការផ្តល់ឈាមច្រើនដងពេក រហូតដល់៣ដងក្នុងមួយខែ ធ្វើឲ្យអ្នកផ្តល់ឈាមប្រឈមមុខ នឹងការកើតជំងឺមហារីកឈាម និងខូចខួរឆ្អឹងកង នៅអំឡុងរយៈពេល ១០ឆ្នាំខាងមុខទៀត។ នេះបើតាមវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្លែងក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «ការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិត» នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ។
មន្ត្រីជំនាញរូបនេះ បានលើកឡើងថា ការបរិច្ចាគឈាមដែលត្រឹមត្រូវ គឺត្រូវតែមានរយៈ ៣ខែម្តង ប៉ុន្តែការបរិច្ចាគឈាមមិនត្រូមត្រូវ ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត។ យ៉ាងណាក៏ដោយ កន្លងមកមានជនខិលខូចមួយចំនួន បានបោកប្រាស់អូសទាញ ប្រជាពលរដ្ឋមិនសូវមានចំណេះដឹង ឲ្យលក់ឈាមជាប្រចាំ ដោយក្នុង១ខែ មានអ្នកខ្លះបរិច្ចាគឈាម រហូតដល់ទៅ៣ដងក៏មាន ហើយជាពិសេសមានអ្នកខ្លះ បរិច្ចាគឈាមដល់ទៅ ៥ដង អំឡុងរយៈពេល៣ខែ។
ការដែលអាចបរិច្ចាគលើសចំនួនកំណត់នេះ ដោយសារអ្នកបរិច្ចាគនោះ បន្លំអត្តសញ្ញាណក្រោមការណែនាំ របស់ជនខិលខូច ហើយការបរិច្ចាគនេះ គឺដើម្បីបានប្រាក់។ នេះបើតាមលោក វេជ្ជបណ្ឌិត សុខ ប៉ូ។
លោក សុខ ប៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើយើងគិតមើល វាមិនច្រើនទេ ក្នុងមួយខែគាត់អាចបាន ១០០ដុល្លារ ទៅ២០០ដុល្លារយ៉ាងច្រើនបំផុតហើយ។ ក៏ប៉ុន្តែ គាត់ភ្លេច! ខ្ញុំសូមជម្រាបថា ការបរិច្ចាគ ការដកកោសិកាខុសពីបច្ចេកទេស ១០ឆ្នាំក្រោយ គាត់នឹងក្លាយទៅជាជន ដែលតាមសុំឈាមគេវិញ។ ការដកកោសិកាឈាមហួសកម្រិត ធ្វើឲ្យខួរឆ្អឹងខួច»។
ដោយសារមើលឃើញពីផលប៉ះពាល់ដល់ជីវិត ពីការបរិច្ចាគឈាមមិនត្រឹមត្រូវ មន្ត្រីជំនាញបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋឈប់ចាញ់បោកជនខិលខូច ហើយក៏ផ្តាំដល់ដល់ជូនខិលខួច ដែលរកស៉ីលក់ឈាមជាអាជីព ឈប់ប្រព្រឹត្តទង្វើបែបនេះទៀត។ លោកសង្កត់ធ្ងន់ថា សកម្មភាពដូចបានរៀបរាប់ខាងលើនេះ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរខ្លាំងណាស់ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការបរិច្ចាគកោសិកា ជាលិកា និងសរីរាង្គមនុស្ស។
លោក សុខ ប៉ូ បានក្រើនរំលឹកថា អ្នកដែលបរិច្ចាគឈាមខុសបច្ចេកទេស ពេលកើតជំងឺពាក់ព័ន្ធនឹងខួរឆ្អឹង គឺដេករង់ចាំថ្ងៃស្លាប់តែប៉ុណ្ណោះ ហើយឈឺរ៉ាំរ៉ៃជានិច្ច។ បន្ថែមលើនេះ គាត់នឹងត្រូវការឈាមប្រើប្រាស់មកវិញ ដើម្បីគាំពារសុខភាពរហូតដល់ថ្ងៃស្លាប់។
«គាត់មិនងាយស្លាប់ទេ នៅពេលដែលគាត់ខូចខួរឆ្អឹង គឺគាត់រ៉ាំរ៉ៃនៅហ្នឹង។ ដូចបងប្អូន មួយចំនួនដែលមានជំងឺតាឡាស់ស៉ីមៀ ឬក៏ជំងឺផ្សេងៗ ដែលទាក់ទងនឹងមហារីកឈាមនេះ ដឹងហើយថា ត្រូវប្រើប្រាស់ឈាមជាប្រចាំ»។ នេះជាការបញ្ជាក់បន្ថែមរបស់មន្ត្រីជំនាញ។
កន្លងមក ខាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានពន្យល់ប្រជាពលរដ្ឋ ក៏ដូចជាជនឆ្លៀតឱកាស ឲ្យបានយល់ដឹងពីផលប៉ះពាល់សុខភាព ដែលបានបណ្តាលមកពីការលក់ដូរឈាម ទាំងបញ្ហាសុខភាព និងបញ្ហាផ្លូវច្បាប់ផងដែរ។ លោក សុខ ប៉ូ បានឲ្យដឹងថា បើគិតតួលេខត្រួសៗ អ្នកដែលត្រូវបានអប់រំ មានប្រហែលជា ២០០ទៅ ៣០០នាក់ទៅហើយ៕