(ព្រះវិហារ)៖ នាយករដ្ឋបាលសាលាខេត្តព្រះវិហារ លោក យ៉ុង គឹមហឿង បានជំរុញដល់មន្ត្រីរាជការ ដែលបម្រើការនៅអង្គភាពច្រកចេញចូលតែមួយ ត្រូវខិតខំពង្រឹងសមត្ថភាពលើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព ឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់។
ការជំរុញបែបនេះ របស់លោក យ៉ុង គឹមហឿន បានធ្វើឡើងក្នុងឱកាសដែលលោកចូលរួមដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងមន្រ្តីជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយសាលាខេត្តជាច្រើនរូប នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ។
នៅក្នុងឱកាសនោះ នាយករដ្ឋបាលសាលាខេត្តរូបនេះ បានណែនាំដល់មន្រ្តីពាក់ព័ន្ធលើការប្រើប្រាស់ប្រព័ន្ធព័ត៌មានថ្មីដែលនឹងដាក់ឱ្យដំណើរការនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ គឺកម្មវិធីកំណែទម្រង់ថ្មី នៅថ្នាក់ក្រោមជាតិ ដើម្បីសម្រួលដល់ការងារប្រចាំថ្ងៃ ពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋមានភាពឆាប់រហ័ស និងតម្លាភាព សុក្រិតភាពជាងមុន ជាពិសេសតាមដាន ត្រួតពិនិត្យលើការកត់ត្រាសេវា ចំណូលការចរន្តឯកសារ និងទិន្នន័យផ្សេងប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀតកម្មវិធីព័ត៌មានវិទ្យានេះ គឺអាចសម្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់សេវាតាមអង្គភាពច្រកចេញចូលតែមួយទាំងពាក្យស្នើសុំបូករួមទាំងតម្លៃសេវាផងដែរ។
ជាមួយគ្នានេះដែរ លោក យ៉ុង គឹមហឿង ក៏បានណែនាំដល់មន្រ្តីត្រូវបន្តខិតខំពង្រឹងសមត្ថភាព លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់ មួយវិញទៀតគឺត្រូវខិតខំប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានេះ ឱ្យមានភាពច្បាស់លាស់ និងសុក្រិតភាពស្របតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕