(បាត់ដំបង)៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក ណុប ដារ៉ា អភិបាលរងខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខប្រគល់អំណោយផ្លែឈើ នាឡិកាដៃ ថវិកា និងពិសារអាហារសាមគ្គី ជាមួយលោកគ្រូ អ្នកគ្រូ និងគ្រូចូលនិវត្តន៍ សរុបរួម១២០នាក់ ក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ក្នុងឱកាសនេះ លោក ស សុខា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តបាត់ដំបង នូវក្ដីនឹករលឹកចំពោះលោកគ្រូ អ្នកគ្រូ និងគ្រូចូលនិវត្តន៍ទាំងអស់ ទោះបីសម្ដេចមិនបានអញ្ជើញមកជួបដោយ ផ្ទាល់ តែសម្ដេចតែងចាត់ឲ្យក្រុមការងារ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ ដែលនេះ បានបង្ហាញពីការយកចិត្តទុក្ខដាក់ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ។
ជាមួយគ្នានេះដែរ លោក ស សុខា ក៏បានលើកឡើងពីការសម្រេចរបស់ក្រសួងអប់រំ ដោយចាប់ផ្តើមបើកដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ខណៈឆ្នាំសិក្សាថ្មី២០២០-២០២១ សម្រេចចាប់អនុវត្តពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានសិក្សានេះ មិនមែនបើកទាំងប្រថុយប្រថាន នោះទេ គឺបើកដំណើរការប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល សាលាត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាត សុវត្ថិភាព ជៀសវាសកុំឲ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា បើយោងតាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំ បរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្ស មិនឲ្យលើស ពី២០នាក់ ក្នុង១ថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម៕