(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ការផ្តល់ឈាមទៀងទាត់មានអត្ថ ប្រយោជន៍សំខាន់ៗច្រើនណាស់ដូចជា ដកនូវសាជាតិចឹញ្ចឹមពីក្នុងខ្លួន ជួយកាត់បន្ថយនូវទំងន់ កាត់បន្ថយជាតិខ្លាញ់នៅក្នុងខ្លួន និងអាចជួយកាត់បន្ថយនូវជំងឺមហារីក ផងដែរ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសដែលលោកបានចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិត» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបរិច្ចាគឈាមទៀតទាត់នេះ មិនត្រឹមតែមិនខូចសុខភាពនោះទេ មានអត្ថប្រយោជន៍ថែមទៀតគឺដកនូវសាជាតិ ចឹញ្ចឹមពីក្នុងខ្លួនយើង ហើយហេតុផលជាក់ស្តែង ដែលអាចមើលឃើញនោះគឺការបន្ថយទំងន់ ដោយនៅពេលអ្នកឡើងទំងន់ខ្ពស់ អ្នកនិងហូបច្រើន ហូបលើស ហើយបើសិនយើងបរិច្ចាគដកចេញនូវសារជាតិចិញ្ចឹមមួយចំនួន គឺយើងអាចកាត់បន្ថយទំងន់»។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ទៀតថា កាលណាយើងកាត់បន្ថយជាតិខ្លាញ់នៅក្នុងខ្លួនតាមរយៈការបរិច្ចាគឈាម និងការហាត់ប្រាណ អាចជួយឱ្យយើងកាត់បន្ថយនូវភាពតានតឹង ដែលជួយធ្វើឱ្យលំហូរឈាមនៅក្នុងសរសៃឈាមខ្លួនបានល្អ ប្រព័ន្ធសរសៃឈាមរត់នៅខ្លួនល្អ អាចជួយឱ្យយើងចៀសវាងបាននូវជំងឺស្ត្រូក ជួយឱ្យសុខភាពបេះដូងបានតែល្អប្រសើរឡើង។
លោកបានបញ្ជាក់ទៀតថា បើតាមកាសិក្សារបស់អង្គភាពសុខភាពសាធារណរបស់ប្រទេសអង់គ្លេស ក៏បានបញ្ជាក់ដែរថា ការការបរិច្ចាគឈាមទៀតទាត់ គឺអាចកាត់ បន្ថយនូវជំងឺមហារីកផងដែរ។ ដូចនេះហើយការបរិច្ចាគឈាមគឺមានចំណុចល្អច្រើនណាស់ ដែលជាមោទនភាពមួយក្នុងនាមជាកូនខ្មែរ យើងអាចជួយប្រជាពលរដ្ឋ ខ្មែរច្រើនណាស់នៅតាមមន្ទីពេទ្យ ដែលពួកគាត់សុទ្ធតែជាអ្នកនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈ៕