(បន្ទាយមានជ័យ)៖ បុរសម្នាក់ និងជាជនញៀនគ្រឿងញៀន ព្រមទាំងធ្លាប់ជាប់ពន្ធនាគារ៥ខែ ក្នុងករណីលួចម៉ូតូ៣គ្រឿង ចេញមកវិញមិនរៀងចាល លួចម៉ូតូជនរងគ្រោះពីក្រុងប៉ោយប៉ែត មកលក់នៅខេត្តសៀមរាប ត្រូវសមត្ថកិច្ចវាយខ្នោះ បញ្ជូនមកកាន់សាលាដំបូង ខេត្តបន្ទាយមានជ័យ។

នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ រើន កុក ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ត្រូវសមត្ថកិច្ចស្រុកក្រឡាញ់ ខេត្តសៀមរាប ឃាត់ខ្លួននារសៀលថ្ងៃទី២៦ខែសីហា ឆ្នាំ២០២០ ម្សិលមិញ ខណៈជនសង្ស័យហរូបនេះ បានយកម៉ូតូដែលខ្លួនលួចបានទៅលក់។

នគរបាលបានឱ្យដឹងថា នៅពេលកើតហេតុនេះជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចយកមកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1B.6687 ជារបស់ឈ្មោះ សេង គីហ៊ាង ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅបូរីដួងចាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាល បានបន្តថា តាមបណ្តឹងរបស់ជនរងគ្រោះបានរៀបរាប់ថា នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ គាត់បានមកពីផឹកស្រា ក៏ទុកម៉ូតូនៅមុខផ្ទះ ដោយភ្លេចដកកូនសោរ លុះព្រឹកឡើងក៏បាត់ម៉ូតូ។ ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលក្រុងបានធ្វើការស្រាវជ្រាវ និងសហការជាមួយកម្លាំងនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យកំពុងយកម៉ូតូទៅលក់។

បើតាមលោកវរសេនីយ៍ឯក ខែម សោភ័ណ នាយការិយាល័យ នគរបាលកំរិតស្រាល បានឱ្យដឹងដែរថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថារូបគេពិតជាបានលួចយក់ម៉ូតូនោះមែន គេបានដើរលេង ឃើញម៉ូតូទុកចោលនៅមុខផ្ទះ ដោយមានកូនសោរស្រាប់ក៏លួចជិះយកលក់នៅខេត្តសៀមរាប ពេលជិះដល់ស្រុកក្រឡាញ់យកទៅលក់ ចំនួន៥,០០០បាត ពេលនោះអ្នកទិញគេសួររកកាតគ្រីខ្លួនថាគ្មាន មួយសន្ទុះក្រោយមកក៏ត្រូវនគរបាលស្រុកក្រឡាញ់ចាប់ខ្លួនតែម្តង។

ជនសង្ស័យក្រោយពីធ្វើកំណត់ហេតុហើយ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាល បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ ៕