(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មេបញ្ជាការរង យោធភូមិភាគទី១ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សាលាដំបូងខេត្ត អភិបាលក្រុង ស្រុក មេបញ្ជាការវរៈការពារព្រំដែន មេបញ្ជាការវរៈសេនា តូច អធិការ និងអធិការរង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណ១២៣នាក់។
លោក យង់ សុវឌ្ឍនា បានឲ្យដឹងថា កន្លងមកនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអនុវត្តការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ សរុបចំនួន២៤ករណី និងឃាត់ខ្លួនជនសង្ស័យ ៤៧នាក់ ស្រី៨នាក់។
លោកបន្ដថា ពង្រឹងគុណភាព នៃការព្យាបាលនៅតាមទីកន្លែង ដែលមានសេវាស្រាប់ ឲ្យបានល្អប្រសើរ ដើម្បីធ្វើឲ្យក្រុមគ្រួសារ និងអ្នកប្រើប្រាស់គ្រឿងញៀន មានទំនុកចិត្តលើការងារព្យាបាល និងស្តារនីតិសម្បទា ដោយបានបង្កើតគណៈកម្មាធិការពព្យាបាល និងស្តារនីតសម្បទា ផ្អែកលើសហគមន៍គ្រប់ឃុំ សង្កាត់ទាំង៣៤ ដាក់ឲ្យដំណើរការនូវសេវាព្យាបាលសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនចំនួន១៥កន្លែង នៅមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង ១៤កន្លែងក្នុងខេត្ត។
នាយឧត្តសេនីយ៍ ម៉ក់ ជីតូ មានមតិបូកសរុប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅអនុវត្ត បន្តឆមាសទី២ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ ឲ្យបានទាំងស្រុងនូវ រាល់បទល្មើសជួញដូរ ប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បន្តពង្រឹងសមត្ថភាព ឆន្ទៈគុណធម៌ស្មោះត្រង់នឹងវិជ្ជាជីវៈរបស់មន្ត្រីអនុវត្តច្បាប់ តាមទិសស្លោក៣កុំ ១រាយការណ៍។
នាយឧត្តសេនីយ៍ ម៉ក់ ជីតូ បានបន្តទៀតថា ទន្ទឹមនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើទី៥ ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះទាំង៥ រួមមាន៖ វិធានការអប់រំផ្សព្ធផ្សាយ វិធានការរដ្ឋបាល វិធានការអនុវត្តច្បាប់ វិធានការព្យាបាល និងស្តារនីតិសម្បទា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕