(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្ដាល ហាមប៉ះពាល់ និងឡើងបង្គោលបង្គោលខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះអគ្គិសនីកម្ពុជា នឹងធ្វើការបញ្ជូនថាមពលអគ្គិសនី នៅតាមតំបន់នេះ។
តាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ចាប់ពីអនុស្ថានីយអគ្គិសនីល្វាឯម ទៅអនុស្ថានីយអគ្គិសនីទី៧ បានសាងសង់រួចរាល់ជាស្ថាពរហើយ។
ចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ អគ្គិសនីកម្ពុជា នឹងធ្វើការបញ្ជូនថាមពលអគ្គិសនី ឆ្លងកាត់តាមខ្សែបញ្ជូន ដើម្បីធ្វើការផ្គត់ផ្គង់អគ្គិសនី ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកណ្ដាល និងខេត្តដទៃទៀតទូទាំងប្រទេសកម្ពុជា។ ដូច្នេះដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលកើតឡើង ដោយសារការបញ្ជូនចរន្តអគ្គិសនី តាមបណ្ដាញតង់ស្យុងខ្ពស់ខាងលើ អគ្គិសនីកម្ពុជា សូមជម្រាបប្រជាពលរដ្ឋ ដែលរស់នៅតាមគន្លងខ្សែបណ្ដាញបញ្ជូន ក្នុងស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកស្អាង ក្នុងទឹកដីខេត្តកណ្ដាល ហាមប៉ះពាល់ និងឡើងបង្គោល ដើម្បីជៀសវាង គ្រោះថ្នាក់ដល់អាយុជីវិត៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា៖