(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា «ឈាម» មិនអាចផលិតដោយរោងចក្រ ឬឱសថណាមួយនោះទេ, «ឈាម» អាចបាន អាស្រ័យដោយមានការបរិច្ចាគ ពីមនុស្សតែប៉ុណ្ណោះ។

ការបញ្ជាក់ឲ្យយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិត» នៅជាន់ផ្ទាល់ដីសាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា «ឈាមមិនអាចផលិតដោយរោងចក្រ ឬក៏ឱសថស្ថាន ឬក៏វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់ណាមួយបានទេ ឈាមអាចបានអាស្រ័យ ទៅលើការបរិច្ឆាគពីមនុស្ស ចឹងប្រភពតែមួយគត់ ដែលយើងអាចមានឈាមគ្រប់គ្រាន់ គឺពីមនុស្ស»

បន្ថែមពីនោះទៀត ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានលើកឡើងទៀតថា ដូច្នេះ បើសិនជា យើងគោរពនៅគោលការណ៍ ជួយគ្នា សាមគ្គីភាព សុឆ្ឆន្ទៈ នៅក្នុងជនរួមជាតិទាំងអស់ ចូលរួមជួយគ្នា ទើបអាចសង្គ្រោះជីវិត អ្នកជំងឺនៅតាមមន្ទីរពេទ្យបាន។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានឲ្យដឹងថា ការធ្វើបែបនេះ ជាគោលការណ៍គ្រឹះ នៃវិទ្យាសាស្ដ្រហើយបើសិនជា មានរោងចក្រឱសថផលិតបាន ឬក៏វិទ្យាស្ថានបច្ចេកទេស ឬក៏វិទ្យាសាស្ដ្រជាន់ខ្ពស់ណាផលិតបាន គឺក្រសួងសុខាភិបាល នឹងចាត់ចែងភ្លាមៗ។

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ឈាមគឺជាកោសិកាមួយវិសេសវិសាល ដូច្នេះមានតែប្រភពពីមនុស្ស បើសិនជាយើងមិនមានសាមគ្គីភាព មិនមានការ ស្រលាញ់រាប់អាន រវាងជនជាតិយើង ដែលជាមោទនភាពជាតិយើង ជួយគ្នាក្នុងគ្រានោះ គឺមិនអាចមានឈាមគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ឈាមនោះទេ។

បើតាមអ្នកជំនាញ ការបរិច្ចាគឈាម មិនត្រឹមតែអាចជួយសង្គ្រោះជីវិតអ្នកជំងឺ និងសង្គមជាតិប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍ សម្រាប់លោកអ្នក ដែលចូលរួមបរិច្ចាគផងដែរ។ ការផ្តល់ឈាមធ្វើឲ្យសរីរាង្គ ក្នុងខ្លួនមនុស្សបង្កើនការបង្កើតគោលិកាក្រហមឡើងវិញ ជាស្វ័យប្រវត្តិ។

ជាងនេះទៅទៀត ការផ្តល់ឈាមអាចកាត់បន្ថយ ការប្រឈមនឹងជំងឺបេះដូង ដោយសាររាល់ការផ្តល់ឈាម បានបន្ថយសារធាតុដែកមួយចំនួនពីក្នុងឈាម។

លើសពីនេះទៅទៀត ការផ្តល់ឈាមជាទៀងទាត់ ជារៀងរាល់៣ខែ ទៅ៤ខែម្តង នឹងជួយធ្វើឲ្យសុខភាពកាន់តែរឹងមាំ ដោយការផ្តល់ឈាមបានដុតបំផ្លាញចោល នូវថាមពលមួយចំនួន ក្នុងពេលផ្តល់ឈាមម្តងៗនិងកាត់បន្ថយការកើតជម្ងឺមហារីកផងដែរ៕