(ភ្នំពេញ)៖ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបញ្ជាក់ថា លោកនឹងដឹកនាំក្រុមការងារចុះទៅដោយផ្ទាល់ដើម្បីជួបជាមួយប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ដែលអះអាងថា ពួកគាត់បាត់បង់ដី ប៉ុន្តែលោកបញ្ជាក់ថា ត្រូវរង់ចាំឱ្យអាជ្ញាធរខេត្ត ស្រង់ស្ថិតិប្រជាពលរដ្ឋឱ្យបានជាក់លាក់ជាមុនសិន។

ការបញ្ជាក់បែបនេះ របស់លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានក្នុងឱកាសដែលលោកបានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ក្រោយបញ្ចប់ពិធីប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព។

ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហាហ្នឹងយើងបានទទួលបញ្ជាពីសម្តេចតេជោ ឱ្យខ្ញុំចុះទៅមើលតំបន់ដែលលោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ ចុះទៅញុះញង់ និងបំផុសបំផុលប្រជាពលរដ្ឋ ដើម្បីតវ៉ាចំពោះការបោះបង្គោលព្រំដែន ប៉ុន្តែមុននឹងចុះរង់ចាំឱ្យអាជ្ញាធរខេត្ត ស្រង់ស្ថិតិប្រជាពលរដ្ឋ ឱ្យបានជាក់លាក់ជាមុនសិនថាប្រជាពលរដ្ឋណាគាត់មានដីនៅទីនោះ ហើយប្រជាពលរដ្ឋណាបាត់ដី...! យើងដឹងហើយកន្លែងនោះមានគេសម្តែងឆាកល្ខោន ដឹកនាំពីមួយទៅមួយ ទៅស្រែកនៅមុខអេក្រង់ទូរទស្សន៍ ដើម្បីធ្វើឆាកល្ខោនយើងដឹងទាំងអស់»

ពាក់ព័ន្ធនឹងចុះទៅជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលក្រុមដែលគាំទ្រអតីតបក្សប្រឆាំងបាននាំគ្នាទៅកកូកកកាយថា ប្រជាពលរដ្ឋនៅឃុំត្រពាំងផ្លុង តាមបន្ទាត់ព្រំដែន បានបាត់បង់ដីធ្លីរបស់ខ្លួនទៅឱ្យប្រទេសវៀតណាមនោះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង នៅមិនទាន់បញ្ជាក់ឱ្យច្បាស់ពីកាលបរិច្ឆេទចុះទៅនៅឡើយនោះទេ។

បន្ថែមពីនេះទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ក៏បានបញ្ជាក់ឱ្យដឹងថា តាមតាមទិន្នន័យ ដែលលោកទទួលបាន គឺមានប្រជាពលរដ្ឋតែ១៨នាក់ប៉ុណ្ណោះ ដែលបានបាត់ដី មានន័យថាមានមិនដល់ជាង១៨០នាក់ ដូចអ្វីដែលក្រុមគាំទ្រអតីតប្រឆាំងលើកឡើងនោះទេ។ បន្ថែមពីនេះ លោកថា ប្រជាពលរដ្ឋដែលបានអះអាងថា បាត់ដីបើមានឯកសារសូមបញ្ហាក្រុមការងារជំនាញ ដើម្បីស្វែងរកដំណោះស្រាយជូន។

ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរូបនេះ បានលើកឡើងថា ក្នុងនាមជាមន្ត្រីជំនាញព្រំដែន គឺលោកបានដឹងទាំងអស់ចំពោះល្បិចកលរបស់ក្រុមប្រឆាំងដែលយកបញ្ហាព្រំដែនមកដុតកម្តៅប្រជាពលរដ្ឋ ឱ្យធ្វើទង្វើខុសច្បាប់ទៅតាមអ្វីដែលក្រុមខ្លួនចង់បាន ដូច្នេះ អ្នកទាំងអស់នោះសូមប្រយ័ត្នចំពោះបញ្ហាផ្លូវច្បាប់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានបញ្ជាទៅ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ឱ្យចុះទៅជួបប្រជាពលរដ្ឋមួយចំនួន ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ។

ការបំផុសបំផុលអំពីបញ្ហាព្រំដែន របស់ក្រុមប្រឆាំង បានកើតឡើងសារជាថ្មីបន្ទាប់ពី ប្រទេសកម្ពុជា និងវៀតណាម បានប្រគល់ និងទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ដែលជាផែនទីទំនើបសម័យឌីជីថល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។

ពាក់ព័ន្ធនឹងការចោទប្រកាន់ធ្ងន់ធ្ងរមកលើរាជរដ្ឋាភិបាលនេះ កាលពីពេលកន្លងទៅសមត្ថកិច្ចបានចាប់ខ្លួនបុគ្គលសកម្ម២រូបនោះ លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ ដែលចុះទៅញុះញង់ និងបំផុសបំផុលប្រជាពលរដ្ឋ ដើម្បីតវ៉ាចំពោះការបោះបង្គោលព្រំដែន។ លោក រ៉ុង ឈុន ត្រូវបានតុលាការឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមាន ភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ខណៈដែលលោក សួង សុភ័ណ្ឌ ត្រូវបានតុលាការឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យមានភាពវឹកវរ និងបង្ករអសន្តិសុខ ដល់សង្គមជាតិ ហើយសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន៕