(បាត់ដំបង)៖​ លោកសង្ឃមួយអង្គ គង់នៅក្នុងវត្តចំការតាប៊ុន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ផ្សឹក រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់ ក្នុងបទចោទលួចសេពមេថុន ជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ នៅក្នុងវត្ត​ បានសម្រេច៣ថ្ងៃជាប់ៗគ្នា។

លោកសង្ឃដាច់អាបត្តិ ត្រូវសមត្ថកិច្ចធ្វើការចាប់ផ្សឹក ហើយឃាត់ខ្លួនខាងលើនេះ មានឈ្មោះឧ ថន ហៅឡុញ អាយុ៦៨ឆ្នាំ គង់នៅក្នុងវត្តចំការតាប៊ុន ស្ថិតនៅក្នុងឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែកក្មេងស្រីរងគ្រោះ មិនត្រូវបានគេបញ្ចេញឈ្មោះ អោយដឹងនោះឡើយ គ្រាន់តែដឹងថាមានអាយុ១៥ឆ្នាំ មានទីលំនៅក្នុងស្រុកភូមិកើតហេតុខាងលើ។

តាមការអោយដឹងពីសមត្ថកិច្ច បានអោយដឹងថាលោកសង្ឃកំហូចខាងលើនេះ បានល្បួងក្មេងស្រីរងគ្រោះ ដែលលេងនៅក្នុងវត្ត អោយចូលទៅក្នុងកុដរបស់ខ្លួន តាមរយៈអោយលុយ អោយនំចំណីហូបរួចហើយ ធ្វើសកម្មភាពចាប់រំលោភ ជាបន្តបន្ទាប់ជាប់ៗគ្នារយៈពេល៣ថ្ងៃ បានសម្រេច៣ដង គឺនៅថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ ទើបបែកការសមត្ថកិច្ច ចុះធ្វើការស៉ើបអង្កេតរកឃើញការពិត​ ទើបសហការជាមួយមន្ទីរធម្មការ អភិបាលស្រុកសំពៅលូន និងគណៈគុណសង្ឃធ្វើការចាប់ផ្សឹក នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ ហើយប្រគល់ខ្លួនអោយសមត្ថកិច្ច ចាត់ការតាមច្បាប់តែម្ដងទៅ៕