(កោះកុង)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងថ្មី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដោយលោកឧត្តមសេនីយ៍ទោ គង់ មនោ ជំនួសលោក សំឃិត វៀន ដែលត្រូវតែងតាំងជាអភិបាលរងខេត្ត។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានផ្តាំថា ត្រូវអនុវត្តន៍ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ជូន និងអនុវត្តន៍ ទៅតាមការប្តេជ្ញាចិត្តរបស់ឲ្យមានតម្លាភាព និងគោរពច្បាប់មិនត្រូវយកច្បាប់មកលេងសើចនោះទេ ហើយត្រូវអនុវត្តន៍តួនាទីរបស់ខ្លួន មិនត្រូវយកបុណ្យស័ក្កិ និងអំណាចមកអួតអាងនោះឡើយ។

នាយឧត្តមសន្តិបណ្ឌិត បានថ្លែងបន្តថា លោកមានការសោកស្តាយណាស់ដែលមន្ត្រីនគរបាលជាតិចំនួន៧រូប នៅខេត្តកំពង់ស្ពឺ ដែលអំណាចអួតអាងយកកាំភ្លើងបាញ់លេងដែលជាទង្វើខុសច្បាប់ ដែលធ្វើឲ្យមានការរិះគន់ពីមហាជននាំឲ្យខូចឈ្មោះអង្គភាព។

ដើម្បីកុំឲ្យខូចឈ្មោះដល់អង្គភាពនគរបាលជាតិ នាយឧត្តមសេនីយ៍ បានបញ្ជាឲ្យស្នងការខេត្តកំពង់ស្ពី បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។

នាយឧត្តមសន្តិបណ្ឌិត បានលើកឡើងថា លោក គង់ មនោ ដែលត្រូវតែងតាំងជាស្នងការថ្មី ធ្លាប់មានបទពិសោធន៍ដឹកនាំអស់រយៈពេល១០ឆ្នាំ ក្នុងអង្គភាពអន្តរាគមន៍ពិសេសនៅរាជធានីភ្នំពេញ ដូច្នេះគាត់អាចដឹងការងារច្រើនក្នុងការអនុវត្តន៍ច្បាប់ឲ្យមានតម្លាភាព ក្នុងជួរអង្គភាពឲ្យមានវិន័យល្អក្នុងការបំរើប្រជាពលរដ្ឋ និងប្រទេសជាតិ។

នាយឧត្តមសន្តិបណ្ឌិត បានបញ្ជាក់ថា ស្នងការ ស្នងការរង និងមន្ត្រីនគរបាលជាតិទាំងអស់ ត្រូវអនុវត្តន៍ក្រមសីលធម៌ គោរពអនុវត្តន៍តួនាទីរបស់ខ្លួន ត្រូវចេះរួមសាមគ្គីគ្នារក្សាភាពថ្លៃថ្នូរ ត្រូវចេះជួយគ្នាទៅវិញទៅមកនៅពេលជួបបញ្ហាណាមួយ ត្រូវចេះរក្សាភាពផ្ទៃក្នុងឲ្យបានរឹងមាំ ត្រូវចេះជួយជួយទុក្ខធុរៈប្រជាពលរដ្ឋនៅពេលពួកគាត់ ជួបបញ្ហាណាមួយដែលកើតឡើង និងការពារភូមិឃុំឲ្យសុវត្តិភាពល្អ ពីព្រោះប្រទេសជាតិយើងមានសន្តិភាពល្អ មានការរីកចំរើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនេះនាយឧត្តមសន្តិបណ្ឌិត បានផ្តល់អូរប័រចំនួន២គ្រឿង អាវការពារ និងសម្ភារចរាចណ៍មួយចំនួនផងដែរ៕