(កណ្ដាល)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បន្តទទួលបានជំនួយមនុស្សធម៌ជាថវិកា និងអង្ករពីសប្បុរសជននានា ដើម្បីជួយជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្តកណ្ដាល ដែលពិធីទទួលបានធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្តកណ្ដាល និងក្នុងគោលបំណងចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រលាញ់ សន្តិភាព និងកាកបាទក្រហមកម្ពុជា»

កម្មវិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកណ្តាល។

ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុនឯកជនទាំងអស់ និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួនជួយឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តនៅពេលនេះ។

លោកសូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយមិនមានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានកាលំបាក ទំនោះមានកាកបាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ជាថវិកា រួមមាន៖

*លោកស្រី អ៊ាន សៀវម៉ី អគ្គនាយិកាក្រុមហ៊ុន Castle E Diamond និងជាម្ចាស់ Page SIVMEY Online Shop នាំចូលផលិតផលថែរក្សាសម្ផស្សម៉ាក EI EI ថវិកា៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លាសហរដ្ឋអាមេរិក)។ លោកស្រី ក៏បានជួយឧបត្ថម្ភដល់ចាស់ជរា ក្មេងកំព្រា ក្មេងពិការ និងជួយកសាងផ្លូវក្នុងមូលដ្ឋានខេត្តកណ្ដាលផងដែរ។

*លោក Apichart Duang Art ប្រធានក្រុមហ៊ុន Discovery Eastate CO.,LTD ថវិកា១០០០០ដុល្លារ។

*ក្រុមហ៊ុន Yong Yuan Real Estate LTD ថវិកា ១០,០០០ដុល្លារ។

*លោកស្រី ទ្រី សុផានិត អគ្គនាយិកាក្រុមហ៊ុន ទ្រី សុផានិត ត្រេឌីង ឯ.ក ឧបត្ថម្ភអង្ករចំនួន ២តោន៕