(កំពង់ស្ពឺ)៖ កម្លាំងការិយាល័យប្រឆាំង ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្ដិការ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម រួមជាមួយថ្នាំញៀនជាង១គីឡូក្រាម។

ការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ខាងលើនេះ ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្ទះសំណាក់ហេងលី ផ្លូវជាតិលេខ៣ ភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧៖៣០នាទី។

ប្រតិបត្ដិការ ចុះបង្ក្រាបគ្រឿងញៀននេះ ដឹកនាំការបង្ក្រាបដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រោមការដឹកនាំបញ្ជា របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំងនេះជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានជំនាញក្នុងការគេចពីកណ្តាប់ដៃសមត្ថកិច្ច ប៉ុន្ដែលើកនេះ ត្រូវបានមន្ដ្រីជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ការិយាល័យ (ក៤) បង្ក្រាបបាន យកទៅផ្តន្ទាទោស។

ជនសង្ស័យទាំង៥នាក់នេះ រួមមាន ទី១៖ ឈ្មោះ សេក សាវ៉ន ភេទប្រុស អាយុ៥២ឆ្នាំ, ទី២៖ ឈ្មោះ អ៊ុក សូរិយា ភេទប្រុស អាយុ៣៨ឆ្នាំ, ទី៣៖ ឈ្មោះ វង់ អ៊ូហុង ភេទស្រី អាយុ២៨ឆ្នាំ ភេទស្រី, ទី៤៖ ឈ្មោះ ជួន វណ្ណៈ ភេទប្រុស អាយុ៣៨ឆ្នាំ និងទី៥៖ ឈ្មោះ ឡុង ស្រីពេជ្រ ភេទស្រី អាយុ២៧ឆ្នាំ។

បើតាមរបាយការណ៍ របស់កម្លាំងការិយាល័យប្រឆាំង ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់នេះ ឆ្លងតាមការធ្វើតេស្តទឹកនោម លទ្ធផលវិជ្ជមាន មានផ្ទុកសារធាតុញៀន ប្រភេទមេតំហ្វេតាមីន។

ក្នុងប្រតិបត្ដិការនេះ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់១,២៩៩.៥១ក្រាម, ជញ្ជាំងសម្រាប់ថ្លឹងសារធាតុញៀន ចំនួន១គ្រឿង និង ទូរស័ព្ទដៃ ចំនួន២គ្រឿង៕