(ភ្នំពេញ)៖ លោក យ៉េង វីរ់ៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានសម្តែងការសាទរចំពោះចំណាត់ការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលចាត់តាំងឱ្យ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន ចុះទៅជួបប្រជាពលរដ្ឋមួយចំនួន ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ លោក យ៉េង វីរៈ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងសាទរនៅពេលដែលយើងឮប្រមុខរាជរដ្ឋាភិបាល បានបញ្ជាឱ្យ ឯកឧត្តមប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ទៅជួបប្រជាពលរដ្ឋដែលនិយាយថា គាត់បាត់ដីដោយសាររឿងព្រំដែន នៅឯត្បូងឃ្មុំហ្នឹង»។

ក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបូកសរុបការងារឆមាសទី៤ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទៅ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិ ទទួលបន្ទុកលើកិច្ចការព្រំដែន ឱ្យចុះទៅជួបប្រជាពលរដ្ឋមួយចំនួន ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ។ ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើពី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ទន្ទឹមនឹងការដាក់បទបញ្ជានេះ សម្តេចក៏បង្គាប់ឱ្យ លោក វ៉ា គឹមហុង ចុះទៅជួបពលរដ្ឋខេត្តនេះជាមួយ លោក ពេជ្រ ស្រស់ ដែលជាម្ចាស់សំណើផងដែរ។

ទោះជាយ៉ាងនេះក្តី ក្នុងនាមគណបក្សនយោបាយមួយ លោក យ៉េង វីរៈ នឹងបន្តតាមដានរឿងនេះ ហើយលោកជឿជាក់ថា ប្រជាពលរដ្ឋដែលអះអាងថា «ខ្លួនជាអ្នកបាត់ដី» នឹងមិនរងនូវការចោទប្រកាន់ថា គាត់ជាអ្នកបង្កភាពវឹកវរដល់សង្គមនោះទេ ដោយសង្ឃឹមថា ពួកគាត់នឹងទទួលបានការឆ្លើយតបយ៉ាងវិជ្ជមាន ដោយសារតែមានមន្រ្តីជំនាញចុះទៅជួប និងដោះស្រាយ។

ព្រំដែនខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ ត្រូវបានអ្នកគាំទ្រអតីតក្រុមប្រឆាំង លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ ចុះទៅញុះញង់ និងបំផុសបំផុលប្រជាពលរដ្ឋ ដើម្បីតវ៉ាចំពោះការបោះបង្គោលព្រំដែន។ ទោះជាយ៉ាងនេះក្តី ទាំងលោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ សុទ្ធតែត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការបានចោទប្រកាន់លោក រ៉ុង ឈុន ពីបទ «ញុះញង់បង្កឲ្យមាន ភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងចោទប្រកាន់ លោក សួង សុភ័ណ្ឌ ពីបទញុះញង់ឲ្យមានភាពវឹកវរ និងបង្ករអសន្តិសុខ ដល់សង្គមជាតិ ហើយសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។

ការបំផុសបំផុលអំពីបញ្ហាព្រំដែនរបស់ក្រុមប្រឆាំង បានកើតឡើងសារជាថ្មីបន្ទាប់ពី ប្រទេសកម្ពុជា និងវៀតណាម បានរៀបចំពិធីប្រគល់ និងទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ដែលជាផែនទីទំនើបសម័យឌីជីថល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដែលជាការបង្ហាញពីសមិទ្ធផល នៃការខិតខំដោះស្រាយ និងបោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីបញ្ចប់បញ្ហាព្រំដែន និងកសាងតំបន់ព្រំដែនេះជាតំបន់សន្តិភាព និងពាណិជ្ជកម្ម។

ផែនទីនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំពិធីប្រគល់ជូនក្រសួង ស្ថាប័ន និងអង្គភាពចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ៕