(ភ្នំពេញ)៖ រម៉កម៉ូតូកង់បីមានជម្រាលដំបូងបំផុត ត្រូវបានផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្រុម Engineer Without Borders Australia ក្នុងខែមករា ឆ្នាំ២០១៦ ដើម្បីសម្រួលការលំបាកដល់ជនពិការដែលប្រើរទេះទាំងជនជាតិខ្មែរ នឹងបរទេស។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្ដែងការអបអរសារទរ និងកោតសរសើរចំពោះក្រុម Engineer Without Borders Australia ដែលមាន កញ្ញា Megan Smith និងសហការី ជាពិសេសម្ចាស់សណ្ឋាគារ House Boutique ដែលបានផ្តួចផ្តើមផលិត និងច្នៃប្រឌិតយ៉ាងប៉ិនប្រសព្វ នូវរម៉កកង់បីនេះឡើង ដែលមានលក្ខណៈងាយស្រួលសម្រាប់ជនពិការប្រើរទេះ និងជនមិនពិការក៏អាចប្រើប្រាស់បានក្នុងតំលៃធម្មតា។
លោក អគ្គលេខាធិការ បានជម្រាបទៅកញ្ញា Megan Smith និងលោកស្រី Anne Elizabeth Lubell តំណាងអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជាថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងយកគំរូនៃការផលិតរម៉កកង់បីដែលមានជម្រាលនេះ ទៅផ្សព្វផ្សាយដល់សមាគមអ្នករត់ម៉ូតូកង់បី ពិសេសម្ចាស់ម៉ូតូកង់បីទាំងអស់ ដើម្បីគិតគូរពិចារណាកែច្នៃរម៉កម៉ូតូកង់បីដែលមានស្រាប់ឲ្យមានជម្រាល ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ជនពិការប្រើរទេះទាំងជនជាតិខ្មែរ និងជនជាតិបរទេសអាចប្រើប្រាស់មធ្យោបាយនេះបាន សម្រួលក្នុងការធ្វើដំណើរទៅកន្លែងធ្វើការ ទៅផ្សារ ទៅទីកន្លែងកម្សាន្តនានា និងទៅទីកន្លែងសាធារណៈផ្សេងៗ ដោយគ្មានឧបសគ្គ និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងកាត់បន្ថយការចំណាយទៀតផង។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា រម៉កម៉ូតូកង់បីសម្រាប់ជនពិការនេះ មានតម្លៃថ្លៃជាងរឺម៉កម៉ូតូកង់បីធម្មតា។ តម្លៃរឺម៉កម៉ូតូកង់៣ធម្មតា មានតម្លៃប្រមាណ៩០០-១០០០ដុល្លារ ចំណែករឺម៉កសម្រាប់ជនពិការវិញ ចំណាយថវិការហូតប្រមាណ១២០០ដុល្លារ ដើម្បីទទួលបានរឺម៉កកង់បីស្អាតមួយ។
លោក ឯម ច័ន្ទមករា ក៏បានបន្តទៀតថាម្ចាស់រម៉កម៉ូតូកង់បី ដែលបានកែច្នៃរួចអាចនឹងបង្កើនប្រាក់ចំណូល និងអតិថិជនបន្ថែមទៀត ហើយក៏ជាការលើកស្ទួយភ្ញៀវទេសចរណ៍ដែលមានជនពិការមកទស្សនានៅកម្ពុជាទៀតផង។ លោក អគ្គលេខាធិការបានបន្ថែមទៀតថា លោកនឹងចាត់ចែងផលិតវីដេអូបទយកការណ៍ស្តីពីអត្ថប្រយោជន៍នៃម៉ូតូកង់បីដែលមានជម្រាលនេះ ដើម្បីផ្សព្វផ្សាយដល់ជនពិការ សាធារណៈជន ពិសេសម្ចាស់ម៉ូតូកង់បីនានា ទាំងនៅរាជធានីភ្នំពេញ តំបន់ទេសចរណ៍ ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុ និងបណ្តាខេត្តដ៏ទៃទៀត ដើម្បីយល់កាន់តែច្បាស់អំពីផលប្រយោយជន៍នៃរម៉កម៉ូតូកង់បីនេះ។
កញ្ញា Megan Smith ដែលជាជនពិការប្រើរទេះ បានថ្លែងថា កញ្ញាពិតជាមានការសប្បាយរីករាយដោយ បានចូលរួមផលិតនូវម៉ូតូកង់បី ដែលមានជម្រាលនេះ ព្រោះថាពីមុនកញ្ញាមានការលំបាកជាច្រើនដោយសាររទេះរុញរបស់នាងមានទម្ងន់ធ្ងន់ ហើយម្ចាស់រម៉កម៉ូតូកង់បីត្រូវ លើកដាក់នាងទៅលើរម៉ក ពេលខ្លះនាងមានការខ្មាស់អៀនដោយសារនាងជាមនុស្សស្រី ឯម្ចាស់ម៉ូតូកង់បីត្រូវបីនាងជាមនុស្សប្រុស ឯតំលៃក៏ថ្លៃជាងជនមិនពិការដែលត្រូវប្រើរម៉ក់ម៉ូតូកង់បីនេះដែរ។ ប៉ុន្តែបច្ចុប្បន្នក្រោយពីការផលិតម៉ូតូរម៉កកង់បីនេះរួចនាងមានភាពងាយស្រួល ហើយចំណេញប្រាក់ជាងមុន ព្រមទាំងអាចធ្វើដំណើរទៅទស្សនាកន្លែងផ្សេងៗបានដោយងាយស្រួល។
គួរបញ្ជាក់ផងដែរថាកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ តែងបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការបង្កលក្ខណៈងាយស្រួល ចេញចូលនៅទីកន្លែងសាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទដូចជា៖ ការរៀបចំ ចំណតយានយន្តពិសេសសម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាកសញ្ញានានានៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មជ្ឈមណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន ព្រមទាំងបង្កើនការយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅរបស់ជនពិការឲ្យបានសមរម្យ ស្របតាម សេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការណ៍ចាំបាច់នានា ដើម្បីបំផុសលើកទឹកចិត្ត ពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និង អង្គការសង្គមស៊ីវិលនានា ឲ្យចូលរួមឧបត្ថម្ភជនពិការ៕