(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនមន្ដ្រីអាវុធហត្ថដែលកំពុងសម្រាកព្យាបាលជំងឺ នៅរាជធានីភ្នំពេញ។

ក្រោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំនាយរងសេនាធិការ និងមេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ទៅសួរសុខទុក្ខលោកវរសេនីយ៍ទោ ចាន់ រុក្ខា នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា។

បើទោះបីផ្លូវឆ្ងាយ និងកំពុងមមាញឹកជាមួយការងារក៏ពិតមែន លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ត្រូវចេញដំណើរមកពីខេត្តស្ទឹងត្រែងពីព្រលឹម ដឹកនាំមន្ដ្រីចុះសួរសុខទុក្ខមន្ដ្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅរាជធានីភ្នំពេញ និងបានឧបត្ថម្ភថវិកា ចំនួន៣២០០,០០០រៀលផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បាននាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពី នាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែយកចិត្តទុកដាក់ជួយដល់នាយ នាយរង កងរាជអាវុធហត្ថដែលមានជំងឺ និងមានការខ្វះខាតក្នុងជីវភាព មិនថាគ្រប់កាលៈទេសៈណានោះទេ។

លោកមេបញ្ជាការអាវុធហត្ថខេត្ត ក៏លើកទឹកចិត្តដល់មន្ដ្រីក្រោមឱវាទដែលកំពុងសម្រាកព្យាបាលជំងឺ កុំបាក់ទឹកចិត្ត និងខិតខំថែរក្សាសុខភាពបន្ដទៀត៕