(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានជួបជាមួយអង្គការ សម្ព័ន្ធអន្តរជាតិ ទប់ស្កាត់ផលប៉ះពាល់ នៃគ្រឿងស្រវឹង ហៅកាត់ថា «IARD» ដើម្បីពិភាក្សាអំពីការអនុវត្ត គម្រោងទប់ស្កាត់ការបើកបរ ក្នុងស្ថានភាពស្រវឹងសម្រាប់ឆ្នាំ ២០១៦។

គម្រោងអនុវត្តការទប់ស្កាត់ការបើករក្នុងស្ថានភាពស្រវឹងនេះ ផ្តោតសំខាន់លើសកម្មភាពចំនួន៤៖ ទី១ការកសាងសមត្ថភាពមន្រ្តី អនុវត្តច្បាប់, ទី២-ការបំពាក់ឧបករណ៍សម្ភារៈជំនាញ, ទី៣-ការអប់រំផ្សព្វផ្សាយ និងទី៤-ការកែលម្អប្រព័ន្ធទិន្ន័យគ្រោះថ្នាក់ចរាចរណ៍ និងការត្រួតពិនិត្យជាតិស្រវឹង។

ក្នុងកិច្ចពិភាក្សានោះ មន្ត្រីអង្គការ «IARD» បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងទប់ស្កាត់ការបើកបរក្នុងស្ថានភាពស្រវឹង តាមរយៈចុះរឹតបន្តឹងការអនុវត្តច្បាប់ នាពេលកន្លងមកនិងផ្តល់ឧបករណ៍ត្រួតពិនិត្យ ជាតិស្រវឹងចំនួន៥គ្រឿង និងដំបងបញ្ជាចរាចរណ៍ ចំនួន១៩០គ្រឿង សម្រាប់បំពាក់ដល់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន៥ ដែលស្ថិតក្នុងគម្រោង មានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
 
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅបំផុតដល់អង្គការ និងសូមឲ្យអង្គការបន្តជួយ នគរបាលចរាចរណ៍ បន្តទៀតទាំងការកសាងសមត្ថភាព និងការបំពាក់ឧបករណ៍ សម្ភារៈ៕