(កណ្តាល)៖ សវនាការវិនិច្ឆ័យទោស លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ បានបិទបញ្ចប់ហើយនៅម៉ោងជិត១១ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីការសាកសួរអស់រយៈពេលជាច្រើនម៉ោង។ ក្រោយពេលសាកសួរ លោក អាំង មាលតី ក៏ត្រូវបានគេបញ្ជូនភ្លាមៗតាមរថយន្តដឹកអ្នកទោសទៅកាន់ពន្ធនាគារខេត្ត។ គេមិនបានដឹងថា សវនាការនាព្រឹកមិញនេះ ទទួលបានលទ្ធផលយ៉ាងណានោះទេ? ចប់ មិនចប់ ឬក៏ត្រូវលើកទៅជំនុំជម្រះបន្តនៅថ្ងៃណា ក៏គេ មិនដឹងផងដែរ។
សវនាការនាព្រឹកមិញនេះ មានលោក ងួន វុទ្ធី ជាប្រធានក្រុមប្រឹក្សាអង្គជនុំជម្រះ និង លោក សាយ សម្ភស្សសេរី និង លោក គឹម ម៉េង ជាសមាជិកក្រុមប្រឹក្សា។ សវនាការ ក៏មានវត្តមានលោក ឯក ស៊ុនរស្មី ជាតំណាងឯកយការ និង លោក ទេព បញ្ញា ជាមេធាវីរបស់លោក អាំង មាលតីផងដែរ។
មន្រ្តីតុលាការខេត្តកណ្តាល សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការប្រកាសសាលក្រមត្រូវបានប្រកាសលើកពេលទៅថ្ងៃក្រោយ ដោយមិនកំណត់ថ្ងៃប៉ុន្មាន។ ចំណែកលោក អាំង មាលតី បានសារភាពទោសកំហុសរបស់ខ្លួន ដោយសារការធ្វេសប្រហែស និងបានស្នើសុំឲ្យតុលាការប្តូរបទចោទប្រកាន់ និងបន្ថយទោស។
សវនាការមួយព្រឹកនេះ ក្រុមអ្នកព័ត៌មាន ដែលខំរូតរះពីគ្រប់ទីកន្លែងបំណងតាមដានសវនាការមួយនេះ ត្រូវបានខកបំណង ព្រោះ មិនត្រូវបានមន្រ្តីសាលាដំបូងខេត្តកណ្តាលអនុញ្ញាតឲ្យចូលស្តាប់សវនាការនោះឡើយ ហើយក្រុមអ្នកព័ត៌មាន ក៏ប្រហែលជាមិន មានព័ត៌មានផ្សាយនោះដែរ។
អង្គភាពព័ត៌មានFresh News បានព្យាយាមទូរស័ព្ទសាកសួរព័ត៌មានពីអនុប្រធានសាលាដំបូងខេត្តកណ្ដាលលោក ងួន វុទ្ធី ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ តែត្រូវលោកបង្វែឲ្យទៅសួរពីអ្នកនាំពាក្យសាលាដំបូងខេត្តលោក សូ សារិន។ Fresh News ក៏ទូរស័ព្ទទៅកាន់លោក សូ សារិន តែក៏ត្រូវខកបំណងជាថ្មីដោយលោក សូ សារិន អត់មានពាក្យនាំដោយលោកថា អត់ទាន់ទទួល បានលទ្ធផលជំនុំជម្រះពីលោក ងួន វុទ្ធី នៅឡើយ។
ក្រោមអ្នកព័ត៌មាន ដែលបាននាំគ្នាទៅប្រមាញ់ព័ត៌មាននៅសាលាដំបូងខេត្តកណ្តាល បានកើតសរសើរយ៉ាងខ្លាំង ដល់អានុភាព របស់លោក អាំង មាលតី ដែលកាលពីនៅកាន់តំណែងជាប្រធានតុលាការខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ មានឥទ្ធិពលខ្លាំងណាស់ទៅហើយហ៊ានយករថយន្តរបស់ជនល្មើសចែកកូនចៅជិះ ឬហ៊ានដោះលែងជនល្មើសជាថ្នូរជាមួយលុយឡាន រហូត ដល់ក្លាយជាជនជាប់ចោទទៅហើយ ក៏នៅតែមានអានុភាព មានកងកម្លាំងហែហមការពារមិនឲ្យអ្នកព័ត៌មានណាបានផ្តិតរូបភាព ឡើយ។ សូម្បីតែបន្ទប់សវនាការ ក៏ត្រូវបានបិទជិតឈឹង មិនមានឲ្យអ្នកព័ត៌មាន ឬសាធារណជនបានចូលស្តាប់នោះឡើយ។
ក្រៅពីការមិនអាចទទួលបានព័ត៌មានហើយនោះ ក្រុមអ្នកព័ត៌មានសម្តែងក្តីរំពឹងថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលកំពុងតាក់តែងដោយក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធនោះ នឹងគិតពិចារណាទៅករណីខាងលើនេះ។
សូមបញ្ជាក់ថា អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាដំបូងរាជធានីភ្នំពេញ ដែលពោរពេញដោយរឿងអាស្រូវ ពុករលួយ លោក អាំង មាលតី នៅព្រឹកមិញនេះ ត្រូវបាននាំខ្លួនមកសាកសួរនៅសាលាដំបូងខេត្តកណ្តាល។
លោក អាំង មាលតី ត្រូវបានលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ដោយចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត។ បើយោងតាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ លោក អាំង មាលតី អាជាប់ទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។
លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃត្រង់ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយដោះលែងជនជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនឈ្មោះ ថៅ ថាវី នៅក្រៅឃុំបណ្តោះអាសន្ន ជាមួយថ្នូររថយន្ត Audi មួយគ្រឿង។
សូមជំរាបថា លោក អាំង មាលតី ត្រូវបានដកចេញពីតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែ កុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីមានសំណុំរឿងមិនប្រក្រតីជាច្រើនបានកើតមានឡើងនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ៕
សាលាដំបូងខេត្តកណ្តាល បើកសវនាការវិនិច្ឆ័យទោស លោក អាំង មាលតី អតី...សាលាដំបូងខេត្តកណ្តាល បើកសវនាការវិនិច្ឆ័យទោស លោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញ
Posted by Fresh News on Wednesday, January 27, 2016