(ភ្នំពេញ)៖ យុវជនម្នាក់ដែលត្រូវគ្រាប់កាំភ្លើងចំស្មាខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ នៅយប់មិញ ស្ថិតនៅតាមផ្លូវទំនប់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវនោះ ត្រូវបានមន្រ្តីនគរបាលម្នាក់លួចបង្ហើបថា គឺកើតចេញពីការរាលកៃកាំភ្លើង​ របស់សមត្ថកិច្ចមួយក្រុម ដែលដេញតាមជនរងគ្រោះ ដើម្បីឃាត់រឿងជិះម៉ូតូអត់ស្លាកលេខ។

មន្រ្តីនគរបាលខណ្ឌឫស្សីកែវម្នាក់ បានលួចបង្ហើបដល់ អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះថា ខណ:ដែលជនរងគ្រោះ កំពុងតែជិះម៉ូតូ ម៉ាក MSX មួយគ្រឿងពណ៌ស លាយខ្មៅ អត់ស្លាកលេខពេលនោះ មានសមត្ថកិច្ចមួយក្រុមមិនដឹងថា នៅអង្គភាពណាទេ បានបើកម៉ូតូដេញតាមពីក្រោយ លុះមកដល់ចំណុចកើតហេតុ ក៏ឃាត់ជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់ ប៉ុន្តែកាំភ្លើងបានរាលកៃ បណ្តាលឲ្យត្រូវជនរងគ្រោះតែម្តង រហូតរងរបួសធ្ងន់។

ក្រោយកើតហេតុជនបង្ក ដែលសមត្ថកិច្ចនោះ បានបើកម៉ូតូគេចខ្លួនបាត់ទៅ។ នាយនគរបាលប៉ុស្តិ៍ទួលសង្កែ លោក ហ៊ុយ ហៀង មិនទាន់អាចប្រាប់លំអិត ចំពោះករណីនេះទេ ដោយរង់ចាំការស្រាវជ្រាវសិន។

សូមបញ្ជាក់ថា យុវជនម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានខ្មាន់កាំភ្លើង ធ្វើការបាញ់ប្រហារ បណ្តាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោងប្រមាណ១០៖២០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវទំនប់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មិនទាន់ដឹងមូលហេតុ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ខណៈជនរងគ្រោះកំពុងជិះម៉ូតូមួយគ្រឿងម៉ាក MSX ទិញបង្អែមឲ្យម្តាយ លុះពេលជិតដល់ច្រកផ្លូវចូលផ្ទះ ក៏លេចមុខជនសង្ស័យធ្វើការ បាញ់ប្រហារតែម្តងបណ្តាលឲ្យ​ ជនរងគ្រោះរងរបួសធ្ងន់៕

 

Posted by Fresh News Photo on Wednesday, January 27, 2016