(កណ្ដាល)៖ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ការពារខ្លួនពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត ត្រូវមានអនាម័យជាប្រចាំ ត្រូវលាងដៃជាមួយសាប៊ូ ជែល ឬអាកុលឱ្យបានញឹកញាប់ ត្រូវពាក់ម៉ាសនៅពេលដែលអ្នកចេញក្រៅ កាត់បន្ថយការជួបជុំ រក្សាគម្លាតពីគ្នា ជាពិសេសត្រូវចូលរួមអនុវត្តតាមវិធាននិងការណែនាំនានា របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដែលបានដាក់ចេញ។
ការអំពាវនាវបែបនេះ របស់លោក នៃ ចារី បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍រដ្ឋបាលឃុំព្រះពុទ្ធ ស្ថិតក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ។
ជាមួយគ្នានេះដែរ លោក នៃ ចារី ក៏បានជំរុញឱ្យមន្ត្រីនគរបាលឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ត្រូវបន្តខិតខំលើកកម្ពស់ ការបំពេញការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាពស្រុកឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបានថាក្នុងមូលដ្ឋានរបស់ខ្លួន គឺមានសន្តិសុខសណ្ដាប់ធ្នាប់ល្អសម្រាប់ការរស់នៅប្រកបមុខរបររបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា ប៉ុស្តិ៍រដ្ឋបាលឃុំ មានសារៈសំខាន់ណាស់ ព្រោះជាកន្លែងឈរជើងរបស់មន្ត្រីប៉ុស្តិ៍ ក្នុងការបំពេញការងារ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកាន់តែប្រសើរឡើង។ មន្ត្រីប៉ុស្តិ៍គ្រប់ថ្នាក់ត្រូវអនុវត្តជាប្រចាំដូចភ្លៀងរលឹមក្នុងមូលដ្ឋានរបស់ខ្លួនត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបាននៅគោលការណ៍ទាំង៩ ចំណុច នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានបញ្ជាក់ថា ក្នុងស្រុកកណ្ដាលស្ទឹង មានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន១៨ កន្លែង ក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដែលសាងសង់តាមស្តង់ដារ របស់ក្រសួងមហាផ្ទៃ មានចំនួន១៤ឃុំ និងប៉ុស្តិ៍នគរបាលដែលមិនទាន់សាងសង់ឡើងដោយក្រសួងមហាផ្ទៃ មានចំនួន ៤ឃុំ ដោយឡែកសម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពុទ្ធ ដែលកំពុងបញ្ចុះបឋមសិលាសាងសង់ គឺសាងសង់ឡើងដោយមានការជួយឧបត្ថម្ភពីរដ្ឋបាលខេត្ត ដែលនឹងគ្រោងមានអាគា ១ខ្នង ស្មើនឹង៤បន្ទប់៕