(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំការបិទផ្សាយជាសាធារណៈនូវក្បាលដី ចំនួន១,៤៤៣ក្បាលដី រយៈពេល១៥ថ្ងៃ នៅភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
លោក លី សុភា បានឲ្យដឹងថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យទិន្នន័យក្បាលដីសម្រាប់ភូមិចាស់ ដែលមានម្ចាស់ក្បាលដី ចំនួន៦៤៣គ្រួសារ ដោយប្រមូលទិន្នន័យបានចំនួន ១,៤៤៣ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន ១,១៥៥ក្បាលដី និងដីកសិកម្មចំនួន ២៨៣ក្បាលដី ក្រៅពីនោះដីវត្ត ដីទីទួលអ្នកតា ដីទួលកប់សព ដីសាលាឆទាន និងដីសាលារៀន។
ថ្លែងក្នុងឱកាសនោះ លោក សាន់ យូ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាសេនាធិការ រួមសហការជាមួយអាជ្ញាធរដែនដី បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឲ្យប្រជាពលរដ្ឋ ជាម្ចាស់ទ្រព្យគ្រប់ក្រុមគ្រួសារទទួលបាននូវ ប័ណ្ណកម្មសិទិ្ធស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវ ធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះ និងទៅអនាគត។
លោកអភិបាលរងខេត្តបានបន្ដថា ដើម្បីឲ្យការបិទផ្សាយជាសាធារណៈក្នុងរយៈពេល១៥ថ្ងៃប្រព្រឹត្ត ទៅដោយរលូន និងមានតម្លាភាព ក្នុងនាមថ្នាក់ដឹកនាំមន្ទីរ តំណាងអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ក្នុងភូមិចាស់ ឃុំតាំងក្រសាំង ជួយផ្សព្វផ្សាយ និងចូលរួមផ្ទៀងផ្ទាត់អំពីបញ្ជីឈ្មោះ រូបរាងដីរបស់ខ្លួននៅលើផែនទី ទាំងដីលំនៅដ្ឋាន និងដីកសិកម្មដោយភ្ជាប់មកនូវជាមួយបង្កាន់ដៃ លេខក្បាលដី អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើតកុំបីខាន នៅចំពោះមន្រ្តីប្រចាំការនៅទីនោះស្រាប់។
បន្ថែមពីនេះ លោក សាន់ យូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងការ ការពារ នៃការីករាលដាល នៃការឆ្លងជំងឺកូវីដ-១៩ ដោយធ្វើអនាម័យជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នាផងដែរ៕