(ភ្នំពេញ)៖ នៅសាលប្រជុំ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានរៀបចំកិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផលវិភាគ ម្សៅទឹកដោះគោ ម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ដែលធ្វើការវិភាគ ដោយមន្ទីរពិសោធន៍ឯករាជ្យ និងមានការទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅប្រទេសសិង្ហបុរី ក្រោមកិច្ចសម្របសម្រួលរបស់លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប។
កិច្ចប្រជុំនេះមានការចូលរួមពី តំណាងមាតាបិតា នៃទារករងគ្រោះ តំណាងក្រុមហ៊ុន Nutrilatt តំណាងអង្គការ WHO អង្គការ UNICEF អង្គការ Helen Keller International និងតំណាងមជ្ឈ មណ្ឌលគាំពារមាតានិងទារក នៃក្រសួងសុខាភិបាល។
ក្នុងនោះដែរ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន មតិស្វាគមន៍របស់លោកអគ្គនាយក នៃអគ្គនាយកដ្ឋាន «ក.ប.ប.» បទបង្ហាញអំពីសាវតា និងដំណើរការស៊ើបអង្កេត ពាក់ព័ន្ធនឹងករណី Nutrilatt មតិយោបល់ របស់តំណាងមាតាបិតាទារករងគ្រោះ មតិយោបល់របស់តំណាងក្រុមហ៊ុន Nutrilatt មតិយោបល់ចូលរួម របស់តំណាងអង្គការអន្តរជាតិ (WHO, UNICEF, HKI) និងមជ្ឈមណ្ឌល គាំពារមាតានិងទារក ការកាត់ស្រោមសំបុត្រ និងប្រកាសលទ្ធផលវិភាគ នៃម្សៅទឹកដោះគោ Nutrilatt លើ B/N: 487, 488, 536, 537, 538, 539។
ជាលទ្ធផល នៃការវិភាគ បានបង្ហាញថា ជាតិដែក (Iron) ដែលមាននៅក្នុងគ្រប់ B/N: 487, 488, 536, 537, 538, 539 មានកម្រិតទាបជាងការប្រកាស របស់ក្រុមហ៊ុន និងស្តង់ដារកូដិចអន្តរជាតិ (Codex International Standard)។
ដោយមានការឯកភាពពីតំណាងមាតាបិតា និងតំណាងក្រុមហ៊ុន Nutrilatt, អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នឹងរៀបចំជំនួបពិភាក្សារវាងតំណាង មាតាបិតា និងតំណាងក្រុមហ៊ុន Nutrilatt ដើម្បីរកដំណោះស្រាយ នាថ្ងៃទីព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។
សូមជម្រាបថា អគ្គនាយកដ្ឋាន ក.ប.ប. ដែលផ្តល់អាណត្តិ ដោយច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ តែងតែយកចិត្តទុកដាក់ ក្នុងអនុវត្តតួនាទីភារកិច្ច ក្នុងស្មារតីការពារសុខមាលភាពប្រជាពលរដ្ឋ និងការពារផលប្រយោជន៍អ្នកប្រើប្រាស់៕