(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍សភា នៃបណ្តាប្រទេសនិយាយភាសាបារាំងចំនួន ១៥ បាននិងកំពុងបើកកិច្ចរបស់ខ្លួននៅទីក្រុង សៀមរាបអង្គរ។ កិច្ចប្រជុំ «សភានិយាយភាសាបារាំង» នេះ នឹងត្រូវធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០១៦។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏មានការអញ្ជើញចូលរួមពីតំណាងរាស្រ្ត មកពីគណបក្សសង្រ្គោះជាតិ រួមមានលោក កឹម សុខា និងលោក យ៉ែម បុញ្ញរិទ្ធ...ជាដើម។
កិច្ចប្រជុំនឹងជជែកអំពីតួនាទីស្ត្រី ជាតំណាងរាស្ត្រ តួនាទីរបស់យុវជនប្រទេសនិយាយភាសាបារាំង គម្រោងអភិវឌ្ឍពហុសភា នៃប្រទេសនិយាយភាសាបារាំង ត្រួតពិនិត្យស្ថានភាពនយោបាយនៅក្នុងតំបន់ និងប្រទេសនិយាយភាសាបារាំង។ល។
ថ្លែងបើកកិច្ចប្រជុំ សម្តេច ហេង សំរិន បានបង្ហាញជំនឿចិត្តថា សភានិយាយភាសាបារាំង នឹងបង្ហាញជានិច្ចនូវតឹកតាងជាសក្ខីកម្ម នៃកម្លាំងសាមគ្តីភាព និងកិច្ចសហប្រតិបត្តិការក្នុងរង្វង់មហាគ្រួសារ នៃបណ្តាប្រទេស ដែលប្រើប្រាស់ភាសាបារាំងដើម្បីរួមគ្នាដាក់ចេញ នូវសំណូមពរសមស្រប និងជាក់ស្តែងនានា សម្រាប់ជួយដល់សភា នៃប្រទេសនីមួយៗ ក្នុងការគាំទ្រដល់រដ្ឋាភិបាល ជម្នះរាល់ឧបសគ្គ និងការលំបាកនានា។
សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានបង្ហាញជំនឿមុតមាំថា ដំណើរការ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍លើកនេះនឹងសម្រេច បានលទ្ធផលល្អប្រសើរ អាស្រ័យដោយមានការចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់របស់អ្នកចូលរួមទាំងអស់៕