(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានបឋមសិក្សា ក្នុងដំណាក់កាលទី២។

បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហានេះបានបញ្ជាក់ថា ការបើកដំណើរការឡើងវិញ គ្រឹះស្ថានបឋមសិក្សា ក្នុងដំណាក់កាលទី២ ក្រោយពីការដាក់ឱ្យអនុវត្តវិស្សមកាលតូច មុនកាលកំណត់ និងការដាក់ឱ្យបន្តវិស្សមកាល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រឹះស្ថានបឋមសិក្សា និងសិស្សានុសិស្សមួយចំនួនបានអនុវត្តការបង្រៀននិង រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងការសិក្សាពីចម្ងាយតាមបែបប្រពៃណី ក្រោមការជួយគាំទ្ររបស់ មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន។

ដើម្បីធានាថា ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាបឋមសិក្សា ក្នុងដំណាក់កាលទី២ ប្រកប ដោយសុវត្ថិភាពនិងប្រសិទ្ធភាព ក្រសួងសូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ មាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្ស ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលារៀន/គណៈកម្មការទ្រទ្រង់សាលា រៀន ស្ដីពីការត្រៀមលក្ខណៈ និងការបើកដំណើរការគ្រឹះស្ថានបឋមសិក្សាឡើងវិញដូចក្នុងសេចក្តីណែនាំខាងក្រោម៖