(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានបកស្រាយសំណួរថា ហេតុអ្វីប្រជាជនយើងមួយចំនួន ហាក់ដូចជាពុំបារម្ភពីការឆ្លងមេរោគកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន៥ថ្ងៃ ដើម្បីសងថ្ងៃចូលឆ្នាំខ្មែរកន្លងមកនេះ?

លោករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងរយៈពេលឈប់សម្រាកប៉ុន្មានថ្ងៃនេះគេសង្កេតឃើញថា មានប្រជាពលរដ្ឋយ៉ាងច្រើនកុះកររាប់ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ត យ៉ាងសប្បាយរីករាយនៅតាមរមណីយដ្ឋាននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មានបងប្អូនខ្លះក៏បានខិតខំរក្សាអនាម័យ និងគម្លាតសុវត្ថភាពសង្គម ហើយក៏មានបងប្អូនខ្លះទៀតមិនបានអនុវត្តន៍ទេ។

លោក ម៉ម ប៊ុនហេង បានសន្និដ្ឋាន ៣ចំណុច រួមមាន៖

* ១៖ ប្រហែលមកពីពួកគាត់ជឿជាក់យ៉ាងមុតមាំ លើវិធានការផ្សេងៗដែលរាជរដ្ឋាភិបាល បានដាក់ចេញដើម្បីបង្ការ និងទប់ស្កាត់ជំងឺនេះ។
* ២៖ ប្រហែលជាគាត់គិតថាជំងឺនេះទោះបីជាឆ្លងហើយ ក៏មិនមានសភាពធ្ងន់ធ្ងរដល់ស្លាប់ដែរ ព្រោះថាមិនទាន់មានករណីអ្នកជំងឺកូវីដ១៩ នៅកម្ពុជាបានស្លាប់បាត់បង់ជីវិតនៅឡើយ។
* ៣៖ ប្រហែលជាពួកគាត់គិតថា ជំងឺនេះពុំទាន់មានច្រើននៅកម្ពុជា ហើយបច្ចុប្បន្ននេះ ករណីថ្មីៗសុទ្ធតែជាករណីនាំចូលមកពីប្រទេសក្រៅ ហេតុដូច្នេះហានិភ័យនៃការឆ្លងកូវីដ១៩ នៅកម្ពុជាគឺតិចតួចបំផុត។

លោករដ្ឋមន្ត្រី បានបន្ថែមថា ប្រសិនបើមានហេតុផលណាមួយខាងលើ គឺជាមូលហេតុដែលធ្វើឲ្យអ្នកមិនបានចូលរួមរក្សាអនាម័យ និងគម្លាតសុវត្ថិភាពសង្គមទេនោះ ពេលនោះគឺអ្នកអាចនឹងក្លាយជាអ្នកជួយជំរុញ ឲ្យមានការចម្លងក្នុងសហគមន៍កើតមានឡើង ព្រោះថា៖

* ១៖ វិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាល នឹងទទួលជោគជ័យបាន គឺអាស្រ័យលើការចូលរួមអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។
* ២៖ ទោះបីជាកម្ពុជាមិនទាន់មានករណីស្លាប់ ដោយសារជំងឺកូវីដ១៩ មែន ប៉ុន្តែទិន្នន័យទទួលបានពីប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក បានបញ្ជាក់ថា ជំងឺនេះអាចមានគ្រោះថ្នាក់ខ្ពស់ និងអាចឈានដល់បាត់បង់ជីវិត។ ពុំមានលើកលែងលើក្រុមប្រជាជនបែបណាឡើយ។
* ៣៖ ទោះបីជាករណីថ្មីនៅកម្ពុជាសុទ្ធតែជាករណីនាំចូល ក៏កម្ពុជានៅតែមានហនិភ័យខ្ពស់ក្នុងការ អាចឆ្លងក្នុងសហគមន៍ ដោយសារតែការចល័ត របស់អ្នកធ្វើដំណើរនៅទូទាំងពិភពលោក មានការកើនឡើងវិញជាជំហានៗ ហើយជំងឺនេះមិនទាន់មានវ៉ាក់សាំងការពារនៅឡើយ។

«ហេតុនេះជាថ្មីម្តងទៀត ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តប្រុងប្រយត្ន័ខ្ពស់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ទាំងឡាយដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបង្ការ និងទប់ស្កាត់ការចំលងមេរោគកូវីដ១៩ នៅកម្ពុជាឲ្យបានជោគជ័យ»។ នេះជាការអំពាវនាវរបស់លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង៕