(កណ្ដាល)៖ កម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានបើកការស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនក្រុមចោរប្លន់ចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ក្រោយបានរត់គេចខ្លួនក្រោយប្លន់ម៉ូតូ ជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល។

ការបង្ក្រាបបក្ខពួកក្រុមចោរប្លន់ខាងលើនេះ បានធ្វើឡើងនាថ្ងៃទី២៤ ខែសីហា ក្រោយមានពាក្យបណ្ដឹងជាបន្តបន្តាប់ ហើយពាក្យបណ្ដឹងចុងក្រោយនេះ គឺជាករណីកាប់ជនរងគ្រោះប្លន់យកម៉ូតូ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចលើផ្លូវជាតិលេខ៥១ ភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចស្រុកអង្គស្នូល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល ឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ ជាមុខសញ្ញាប្លន់ នៅភូមិសាស្ត្រខាងលើ ហើយមនុស្ស៣នាក់ ត្រូវបានចាប់ខ្លួន ខណៈមេខ្លោងម្នាក់ និងបក្ខពួក២នាក់ផ្សេងទៀត បានរត់គេចខ្លូនបាត់ស្រមោល។

ក្រុមចោរប្លន់ទាំង៦នាក់ រួមមានឈ្មោះដូចខាងក្រោមទី១៖ ឈ្មោះ ផុន វិរៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន), ទី២៖ ឈ្មោះ សុខហៀង លឹមហៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនប្រាកដ នៅភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន), ទី៣៖ ឈ្មោះ សាត សាន់ ហៅហ៊ូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន), ទី៤៖ ឈ្មោះ ផុន រ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល (មេខ្លោងគេចខ្លួន), ទី៥៖ ឈ្មោះ អិន គឹមហួ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល (គេចខ្លួន) និងទី៦៖ ឈ្មោះ រិទ្ធ គីមលាប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតនៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្ដាល (គេចខ្លួន)។

ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕