(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានជួបពិភាក្សាការងារ ដើម្បីស្វែងយល់អំពីសក្តានុពល និងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក។

ថ្លែងទៅកាន់ លោក W.Patrick Murphy លោក ម៉ែន វិបុល បានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានរួមមាន៖ វិស័យសេដ្ឋកិច្ច, ឧស្សាហកម្ម, ពាណិជ្ជកម្ម និងកសិកម្មព្រមទាំងការងាររបស់អង្គការសង្គមស៉ីវិលជាមួយរដ្ឋបាលខេត្តផងដែរ។

លោកបានបញ្ជាក់ថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា នៅខេត្តស្វាយរៀង បានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត និងមកពីតាមបណ្តាខេត្តផ្សេងទៀតជាង ៨ម៉ឺននាក់។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន ក្នុងកំឡុងពេលជំងឺកូវីដ-១៩ ដូចជាការនាំទំនិញចេញចូលឆ្លងកាត់នៅព្រំដែន ខេត្តស្វាយរៀង និងវៀតណាម ព្រមទាំងវិធីសាស្ត្រក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្ត ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។

លោក ម៉ែន វិបុល ក៏បានថ្លែងអំណរគុណ ចំពោះលោក W.Patrick Murphy ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់អំពីសក្កានុពល និងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក៕