(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងការសាកសួរព័ត៌មាន និងប្រឹក្សាយោបល់ឱ្យកាន់តែមានប្រសិទ្ធភាព ជុំវិញសេវាសាធារណៈ និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ការប្រឡងយកបណ្ណបើកបរ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងសេវាកម្មផ្សេងៗទៀតទាក់ទងនឹងសេវាសាធារណៈឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លេខទូរស័ព្ទ HOTLINE «1275» របស់មណ្ឌលប្រឹក្សាយោបល់លើ សេវាសាធារណៈ ដើម្បីឱ្យពលរដ្ឋអាចទំនាក់ទំនងសួរព័ត៌មាន បានដោយឥតគិតថ្លៃ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា ក្រសួង បានដាក់ឱ្យដំណើរការជាផ្លូវការលេខទូរសព្ទ HOTLINE ៤ខ្ទង់គឺលេខ «1275» សម្រាប់ប្រជាពលរដ្ឋអាចធ្វើការហៅចូលទំនាក់ទំនងរៀងរាល់ម៉ោងធ្វើការក្នុងការ ប្រឹក្សាយោបល់ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈមណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ។

ប្រព័ន្ធទូរសព្ទនេះ នឹងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការហៅចូលដោយឥតគិតថ្លៃ ដើម្បីសាកសួរព័ត៌មាន ដោះស្រាយបញ្ហា សុំជំនួយបច្ចេកទេស និងប្រឹក្សាយោបល់ឱ្យកាន់តែមានប្រសិទ្ធភាព ជុំវិញសេវាសាធារណៈ និងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ការប្រឡងយកបណ្ណបើកបរ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានជំនិះ (ឆៀក) ការផ្ទេរកម្មសិទ្ធិយានជំនិះ ចុះបញ្ជីអាជីវកម្ម កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ (Cambodia Driving Rules) និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ជាដើម៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖