(ព្រៃវែង)៖ ជនជាតិចិន៤នាក់ បានលួចគាស់ទ្វាររថយន្តដឹកស្រូវរបស់ពលរដ្ឋបំណងយកលុយ នៅចំណុចរង្វង់មូលស្វាយអន្ទរ ខេត្តព្រៃវែង ខណៈពលរដ្ឋ បានឃើញ និងបានរាយការជូនសមត្ថកិច្ច ដេញព័ទ្ធស្ទាក់ចាប់ឃាត់ខ្លួនបាន២នាក់ និង២នាក់ផ្សេងទៀតរកគេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២៖០៧នាទី នៅចំណុចរង្វង់មូលស្វាយអន្ទរ ផ្លូវជាតិលេខ៨ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋឃើញក្រុមចោរមានគ្នា៤នាក់ កំពុងតែធ្វើសកម្មភាពគាស់ទ្វាររថយន្តដឹកស្រូវ ក៏បានស្រែកឆោឡោ ប្តឹងសមត្ថកិច្ច ហើយកម្លាំងចំរុះបានដេញព័ទ្ធស្ទាក់ជនសង្ស័យ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ជិះចូលផ្សារឈូកមាស ពេលនោះក្រុមចោរឃើញសមត្ថកិច្ច ក៏ភ័យស្លន់ស្លោ បានជិះម៉ូតូរត់គេចបន្តរហូតដល់ប៉ុស្តិ៍នគរបាលព្រៃខ្លា ក៏បានបត់ក្រោយមកបុកចំពីមុខរថយន្តរបស់លោកអធិការ ខណៈពេលដែលលោកអធិការ និងកម្លាំងដេញតាមពីក្រោយបណ្តាលឲ្យរងខូចរថយន្ត តែចាប់បានជនសង្ស័យពីរនាក់ និងមានម្នាក់រងរបួសបាក់ភ្លៅ ដោយសារជិះបុករថយន្ត។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំងពីនាក់នោះជាជនជាតិចិន ទី១៖ ឈ្មោះ ជិញ ឈាវ ភេទប្រុស អាយុ៣២ឆ្នាំ មានទីកំណើតនៅភូមិ កានថាង ឃុំធីងធ័ន ស្រុកលាវជាំង ខេត្តគងស៊ី ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ និងទី២៖ ឈ្មោះ ធាន ឈួយ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីកំណើតនៅភូមិផានសឿ ឃុំជីងធ័ន ស្រុក លាវជាំង ខេត្តគងស៊ី រងរបួសបាក់ភ្លៅ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រៃវែង។

ចំណែកបក្ខពួកជនសង្ស័យពីរនាក់ផ្សេងទៀត សមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួន ហើយជនជាតិចិនដែលចាប់ខ្លួនបាន សមត្ថកិច្ចបានកសាងសុំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕