(បន្ទាយមានជ័យ)៖ អាជីវករលក់ដូរម្នាក់ ត្រូវចោរបាញ់១គ្រាប់ប្លន់គម្រាមយកម៉ូតូ ២០១៥ មួយគ្រឿង បានសម្រេចកាលពីវេលាម៉ោង៨៖៣០នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅខាងជើងផ្សារអគ្គថ្មី មុខផ្សារត្រី កណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ សូត នី អាយុ៥៧ឆ្នាំ ជាអាជីវករលក់ដូរ ក្នុងនៅផ្សារអគ្គថ្មី រស់នៅភូមិ បាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ម៉ូតូ រវល់នៅក្នុងផ្ទះរៀបចំទុកដាក់របស់របរ ភ្លាមនោះចោរបានមកកាច់សោម៉ូតូ ដែលម្ចាស់ចតចោលខាងមុខតូបលក់ដូរ ម្ចាស់ផ្ទះ ឃើញក៏បានរត់មកក្រៅហើយស្រែកឲ្យគេជួយ និងស្រែកចោរៗតែពេលនោះចោរបាន បាញ់១ គ្រាប់ដើម្បី គំរាម និងនិយាយថាបើនៅតែស្រែកគេនឹងបាញ់សម្លាប់ចោល រួចចោរក៏បានទាញម៉ូតូ ជិះរត់បាត់ទៅ។
អធិការនរគបាលក្រុងប៉ោយប៉ែត លោក អ៊ុ សុផល បានឲ្យដឹងថា ពិតជាមានករណីចោរកាច់ សោម៉ូតូរបស់ពលរដ្ឋមែនពេលនោះ ក្រុមចោរបានបាញ់គម្រាម ម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋក្បែរនោះ តែគ្មានអ្នកណារងរបួសឡើយ ។
ក្រោយកើតហេតុ និងរហូតមកដល់ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ បាននិងកំពុង ចុះស្រាវជ្រាវបន្ត ដើម្បីតាមចាប់ជនល្មើស៕