(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំពិគ្រោះ យោបល់ទៅលើសេចក្តីព្រាងបទបញ្ជា និង តិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ រយៈពេល មួយថ្ងៃនៅភោជនីយដ្ឋានទន្លេបាសាក់២។
កិច្ចប្រជុំពិគ្រោះយោបល់ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងមានការចូលរួមផងដែរ ពីមន្រ្តី គ.ជ.ប តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តំណាងគណបក្សនយោបាយអង្គការ មិនមែនរដ្ឋាភិបាល ស្ថាប័ន អង្គទូត ជំនាញការជប៉ុន ជំនាញការសហភាពអឺរ៉ុបសរុបប្រមាណ ១៨៥នាក់។
សេចក្តីព្រាងបទបញ្ជា និង នីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦នេះ មាន ៦ជំពូក ១ ឧបសម្ព័ន្ធមានចំនួន ១០៧ទំព័រ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់ Fresh News ថា កិច្ចពិគ្រោះយោបល់ នៅថ្ងៃស្អែកធ្វើឡើងដើម្បីបើកទូលាយ ឲ្យអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ បានពិនិត្យ និងផ្តល់អនុសាសន៍ទៅលើសេចក្តីព្រៀងនេះ។ តែទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា អនុសាសន៍របស់អង្គការសង្គមស៊ីវិល ក៏ដូចជាគណបក្សនយោបាយ ត្រូវតែស្របទៅតាមច្បាប់ មានប្រយោជន៍សម្រាប់ការបោះឆ្នោត និងជាអនុសាសន៍ដែលចែងហើយអាចអនុវត្តន៍បាន។
បើតាមលោក ហង្ស ពុទ្ធា ក្រោយពីដាក់ឲ្យពិគ្រោះយោបល់នៅថ្ងៃស្អែកនេះហើយ សេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការ ចុះឈ្មោះ បោះឆ្នោត អាចនឹងចូលជាធរមាននៅខែកុម្ភៈ។ ក្រោយពីសេចក្តីព្រាងបទបញ្ជា និង នីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ចូលជាធរមាន ដំណើរការ នៃការចុះបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមិនធ្លាប់មានពីមុនមកនឹងចាប់ផ្តើមដំណើរការនៅក្នុងខែ ឧសភា ឆ្នាំ២០១៦។
សូមអានខ្លឹមសារ នៃសេចក្តីព្រាងបទបញ្ជា និង នីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ដែលដាក់ឲ្យពិគ្រោះយោបល់៖