ចូលប្លន់អ្នកលក់ពូក ទាំងព្រឹកនៅឫស្សីកែវ យកលុយ ៦ពាន់ដុល្លារ និងគ្រឿងអលង្ការ ៥ជី
28-01-2016 09:49
(ភ្នំពេញ)៖ អាជីវករលក់ពូកម្នាក់ រស់នៅខណ្ឌឫស្សីកែវ ត្រូវបានចោរលួចចូលផ្ទះប្លន់យកលុយ ៦ពាន់ដុល្លារ និងខ្សែកខ្សែដៃទម្ងន់ ៥ជី នៅម៉ោង ៧៖២០នាទី ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះលេខ៩៣២ ផ្លូវជាតិលេខ៥ ក្រុម២ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាយ សុគុន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ពូកស្នាក់នៅផ្ទះកើតហេតុខាងលើ។ សមត្ថកិច្ចបន្តថា ឆ្លៀតពេលប្តីនារីរងគ្រោះឈ្មោះ ហោ រ៉ាវី យកកូនស្រីទៅដាក់នៅ សាលាឫស្សីកែវ មានជនសង្ស័យ ១នាក់ បានលួចចូលផ្ទះ ហើយចាប់បោចសក់ក្បាល នារីរងគ្រោះគំរាមរកលុយ។
ក្រោយពេលប្លន់បានលុយ ៦ពាន់ដុល្លារ ខ្សែកខ្សែដៃទម្ងន់ ៥ជីហើយ ជនសង្ស័យ ក៏រត់គេចខ្លួនបាត់ដោយសុវត្ថិភាព៕