(ស្វាយរៀង)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង តំណាងរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានណែនាំឱ្យសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល បន្តលើកកម្ពស់ភាពជឿជាក់ ឧត្តមគតិ និងគោលដៅរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ឱ្យចំគោលដៅ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់។

ការណែនាំបែបនេះ របស់លោកទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល ខេត្តស្វាយរៀង ទទួលបន្ទុកតាមឃុំទាំង ១០ និងក្រុមលេខាធិការដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង សមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក ការិយាល័យ-អង្គភាពជុំវិញស្រុក និងក្រុមប្រឹក្សាឃុំ ផងដែរ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំយ៉ាងដូច្នេះថា៖ «ប្រៀបធៀបប្រជាពលរដ្ឋដូចជាទឹក អាចគាំទ្រយើង ហើយក៏អាចពន្លិចយើងវិញបានដែរ។ យើងមិនត្រូវវង្វេងចេញពីប្រជាពលរដ្ឋ និងអំណាចដែលប្រជាពលរដ្ឋប្រគល់ជូននោះទេ។ ក្រុមការងារយើងទាំងអស់គ្នា ត្រូវបន្តលើកកម្ពស់ភាពជឿជាក់ ឧត្តមគតិ ភាពស្អាតស្អំ សុក្រឹតភាព និងភាពស្និទស្នាលរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយត្រូវមានគោលដៅ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់។ យើងត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធដឹកនាំ និងបែបបទការងារជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងរបបជាក់ស្តែងក្នុងសង្គម ការកាត់បន្ថយភាពអសកម្ម ការខ្ចិលប្រអូស អសមត្ថភាព ហានិភ័យ និងអំពើពុករលួយ»

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា មន្រ្តីរាជការទាំងអស់ ត្រូវមានសតិសម្បជញ្ញៈ ទទួលខុសត្រូវខ្ពស់ ចំពោះមុខច្បាប់រដ្ឋ, គោរពនូវបទបញ្ញាតិផ្សេងៗ និងលក្ខន្តិកៈរបស់គណបក្ស, ត្រូវគោរពនូវអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ, ត្រូវមានសតិសម្បជញ្ញៈខ្លួនឯង និងដាស់តឿន ក្រើនរំលឹក ខ្លួនឯង។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងផ្សារភ្ជាប់រវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅតាមមូលដ្ឋាន ក្នុងនាមរាជរដ្ឋាភិបាល សម្ដេច បានជំរុញលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋាន ដើម្បីផ្សារភ្ជាប់ ស្វែងយល់សុខទុកជុំវិញជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននានា សំដៅចូលរួមដោះស្រាយបញ្ហាប្រឈម សំណើរសំណូមពរនានារបស់ប្រជាពលរដ្ឋ ឱ្យបានសមស្រប និងទាន់ពេលវេលាផងដែរ។

លោកទេសរដ្ឋមន្រ្តី ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត បានណែនាំឱ្យសមាជិកក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់ និងក្តាប់ឱ្យបាននូវស្ថានភាព បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវបញ្ហាមិនពេញចិត្ត ដោយត្រូវចាប់ផ្តើមដោះស្រាយបញ្ហាពីតូចទៅ និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋានបានទាន់ពេលវេលា ជាពិសេសទៅទៀតបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាល ដល់គ្រប់មជ្ឈដ្ឋាន ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់ថែមទៀត។

លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំកសាងភាពស្និទ្ធស្នាល និងស្អាតស្អំជាមួយប្រជាពលរដ្ឋ ដូចខាងក្រោម៖

* ធ្វើសកម្មភាពជាមួយប្រជាពលរដ្ឋ បង្កភាពស្និតស្នាល ផ្សារភ្ជាប់គ្នាដូចជា៖ មានបុណ្យទាន មានជំងឺ សួរសុខទុក្ខតាមទូរស័ព្ទ ឬការឧបត្ថម្ភ ដោយមិនផ្ទាល់ តាមរយៈសហការី
* អាចយកប្រជាពលរដ្ឋ ជាកម្លាំងស្នូលរបស់ក្រុមការងារយើង នោះក្រុមការងារយើងនឹងក្លាយជាជនបង្អែករបស់ប្រជាពលរដ្ឋមូលដ្ឋាន។
* សូមចិញ្ចឹមចលនាពីពេលនេះទៅ ដើម្បីថែរក្សាស្ថេរភាពនយោបាយ ទប់ស្កាត់ធ្វើបដិវត្តន៍ពណ៌ ដែលត្រូវការពន្យល់ជូនប្រជាពលរដ្ឋ។
* ចុះមូលដ្ឋាន សូមកុំចោលវត្ត ចៅអធិការវត្ត គណៈកម្មាធិការវត្ត អាចារ្យ លោកនាយកសាល លោកគ្រូ-អ្នកគ្រូ សមាគមន៍ សាសនា អ្នកមានឥទ្ធិពលក្នុងភូមិ ដើម្បីចងចំណង និងផ្សារភ្ជាប់សកម្មភាព និងគោលបំណងរបស់ក្រុមការងារនៅមូលដ្ឋាន ដោយយកពួកគាត់ ជាអ្នកស្រាយបំភ្លឺជំនួសក្រុមការងារ ពេលក្រុមការងារត្រលប់ទៅវិញ។
* ស្មៀនឃុំ-សង្កាត់៖ ក្រុមការងារចុះមូលដ្ឋាននៅឃុំ សូមជួយបំប៉នស្មៀន សូមកុំចោលគាត់ សូមជួយណែនាំអប់រំគាត់ បង្កើនការជិតស្និតជាមួយគាត់ ដោយសារគាត់ជាអ្នកផ្តល់សេវាសាធារណៈដ៏ល្អជាមួយប្រជាពលរដ្ឋ។
* ត្រូវមានសកម្មភាពអចិន្រ្តៃយ៍នៅមូលដ្ឋាន៖ មានផែនការច្បាស់លាស់ បែងចែកការងារភារកិច្ចគ្នា ពិភាក្សាគ្នា សាមគ្គីផ្ទៃក្នុង ឯកភាពគ្នាលើកគោលដៅខ្លឹមសារ ពេលវេលាចុះមូលដ្ឋាន។ ជៀសវាងគ្នាច្រើន អន្សមខ្លោច។

ក្នុងនាមលោកជំទាវកិត្តិសង្គបណ្ឌិត លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ដែលបានសម្រេចចិត្ត និងស្ម័គ្រចិត្តចូលរួមជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលស្រុករំដួល ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋមូលដ្ឋាន ឆ្លើយតបនឹងគុណបំណាច់ដែលពួកគាត់បានផ្តល់សេចក្តីទុកចិត្ត តាមរយៈការបោះឆ្នោតនាពេលកន្លងមកនេះ៕