(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយបានការសម្របសម្រួលពី លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសលាដំបូងខេត្ត បានដឹកនាំកម្លាំងបញ្ជាផ្ទាល់ ឆ្មក់ចូលបង្ក្រាបទីតាំង Game Online និងភ្នាល់បាល់មួយកន្លែង ឃាត់ខ្លួនមេការ និងមនុស្សប្រុសស្រី ចំនួន០៧នាក់។
ប្រតិបត្តិការខាងលើធ្វើឡើង នាវេលាម៉ោង ០៧៖៥០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះល្វែងជួល ស្ថិតក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ ខ្លួនមេការ និងមនុស្សប្រុសស្រី បានចំនួន០៧នាក់។ ចំពោះម្ចាស់អាជីវកម្មគ្មានច្បាប់នេះ មិនទាន់ដឹងថាជារបស់អ្នកណានៅឡើយទេ គ្រាន់តែដឹងថាម្ចាស់ផ្ទះជួល មានឈ្មោះ សឿន សុខចំរើន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ។
សេចក្តីរាយការណ៍បានបន្ថែមថា មកដល់ពេលនេះ កម្លាំងនគរបាលក្រុងពោធិ៍សាត់ បានធ្វើការដកហូតសំភារៈមួយចំនួនធំ រួមទាំងបញ្ជូលមេការ និងមនុស្សប្រុសស្រី ទាំង០៧នាក់ មកកាន់អធិការក្រុង ដើម្បីស្រាវជ្រាវរកប្រភព និងបន្តនីតិវិធី៕