(ភ្នំពេញ)៖ យោងតាមរបាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃពុធនេះ បានបញ្ជាក់ឲ្យដឹងថា នៅយប់ថ្ងៃទី២៦ ខែមករានេះ គ្មានការឃាត់ខ្លួន អ្នកបើកបរស្រវឹង នៅក្នុងរាជធានីភ្នំពេញទេ។ កម្លាំងសមត្ថកិច្ចសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹងនៅគ្រប់ខណ្ឌទូទាំងរាជធានី បានចុះប្រតិបត្តិការការងារចាប់ពីវេលាម៉ោង ១១យប់ រហូតដល់ ម៉ោង ២ រំលងអាធ្រាត។
យោងតាមរបាយការណ៍លទ្ធផលត្រួតពិនិត្យអ្នកបើកបរស្រវឹងនៅរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែមករាបានបង្ហាញថា សមត្ថកិច្ចពិន័យ៦នាក់ មានរថយន្ត ៤នាក់ និងម៉ូតូ២នាក់។
ករណីកម្លាំងសមត្ថកិច្ចបានឃាត់ និងតម្រូវឲ្យ តម្កល់ប្រាក់កក់ ផាកពិន័យ១០០០ដុល្លារសម្រាប់រថយន្ត និង២០០ដុល្លារសម្រាប់ម៉ូតូថែមទាំង ត្រៀមបញ្ជូនទៅកាន់ តុលាការនៅស្អែកផងដែរ។ អ្នកដែលត្រូវបានឃាត់ខ្លួននោះ គឺលើសជាតិស្រវឹងរហូតដល់០.៦០មីលីក្រាម។
យោងតាមរបាយការណ៍ដដែលបានបង្ហាញទៀតថា នៅយប់ថ្ងៃទី២៧ ខែមករានេះ កម្លាំងរបស់លោក និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងដាក់៥គោលដៅទៀត ដើម្បីត្រៀមត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹងនៅគ្រប់ខណ្ឌទូទាំងរាជធានីភ្នំពេញ។
សូមជំរាបថា កាលពីម្សិលមិញ ចាប់ម៉ោង១១៖០០នាទីតទៅ កំលាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ សហការ ជាមួយកម្លាំងអាវុធហត្ថ និងស្នងការរាជធានីភ្នំពេញ បានចុះពិនិត្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ដែលមានសារធាតុញៀន និងគ្រឿងស្រវឹង នៅគ្រប់បណ្តាលខណ្ឌ ទូទាំងរាជាធានីភ្នំពេញ។
សូមរំលឹកថា ក្នុងការត្រួតពិនិត្យប្រសិនបើបងប្អូនណាដែល កំលាំងសម្ថកិច្ចត្រួតពិនិត្យរកឃើញថា មានកំរិតផ្ទុកជាតិអាកុលចាប់ពី ០,៤០មីលីក្រាម ក្នុង១លីត្រខ្យល់ឡើងទៅ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចាប់ពី១ខែដល់៦ខែ និងត្រូវពិន័យជាប្រាក់ថែមទៀត៕