(កណ្តាល)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក ទៀង សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងសហការី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ២គ្រួសារ ស្ថិតនៅភូមិប្រក់ក្តារ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

លោក ទៀង សុគន្ធ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក គង់ សោភ័ណ្ឌ ជាពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែងប្រជាពលរដ្ឋរងគ្រោះចំនួន២គ្រួសារនាពេលនេះ ទទួលបានអំណោយមនុស្សធម៌មួយចំនួន ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយដោះស្រាយនូវការខ្វះខាត បានមួយរយៈពេលខ្លី។

លោក ទៀង សុគន្ធ ក៏បានចូលរួមសោកស្តាយ ចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋ ដែលបណ្ដាលឱ្យមានការខូចខាតសម្ភារៈប្រើប្រាស់ ក្នុងផ្ទះសំបែង និងទ្រព្យសម្បត្តិជាច្រើននេះផងដែរ។

ជាមួយគ្នានោះលោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ត្រូវរស់នៅឱ្យមានអនាម័យ ដោយត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជនផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលចែក ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន២គ្រួសារនេះរួមមាន៖ សម្រាប់គ្រួសាររងគ្រោះឆេះផ្ទះទាំងស្រុង ទទួលបានអង្ករ ចំនួន២បាវ តង់១ ត្រីខ១យួរ មី១កេស ទឹកសុទ្ធ ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកអាល់កុល១ដប ម៉ាស់១០បន្ទះ អាវយឺតចំនួន៥ សំភារះផ្ទះបាយមួយឈុត និងថវិកាចំនួន៧០ម៉ឺនរៀល។ សម្រាប់គ្រួសាររងគ្រោះឆេះដំបូលផ្ទះ ទទួលបានថវិការ៤០ម៉ឺនរៀល៕