(តាកែវ)៖ កម្លាំងជំនាញនគរបាលស្រុកបាទី ខេត្តតាកែវ បានបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន២ទីតាំង ក្នុងនោះឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមនឹងក្រាមពណ៌ស ២កញ្ចប់ធំ ៩កញ្ចប់តូច។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ក្នុងមូលដ្ឋានឃុំក្រាំងធ្នង់ និងឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពពីវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានឲ្យដឹងថា ករណីបង្រ្កាបមុខសញ្ញាជួនដូរគ្រឿងញៀនទាំង២ខាងលើ រួមមាន ៖

ករណីទី១៖ ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី នៅវេលាម៉ោង១១៖៤០នាទី ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ សេង អាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី។ ក្នុងនោះដកហូតបានក្រាមពណ៌ស ១កញ្ចប់ធំ ៨កញ្ចប់តូច រួមនឹងទូរស័ព្ទដៃ១គ្រឿង ម៉ូតូ១គ្រឿង។

ករណីទី២៖ វេលាម៉ោង១៣៖៣០នាទី រសៀលថ្ងៃទី២៣ ខែសីហា ឃាត់ខ្លួនបាន ជនសង្ស័យចំនួន៣នាក់ គឺ ទី១.ឈ្មោះ រី ណា ហៅអូក ភេទប្រុស អាយុ៥៥ឆ្នាំ ដកហូតបានក្រាមពណ៌ ១កញ្ចប់ធំ ទូរស័ព្ទ១គ្រឿង ម៉ូតូ១គ្រឿង, ទី២.ឈ្មោះ ចាន់ វិន ភេទប្រុស អាយុ២៥ឆ្នាំ ដកហូតបានក្រាមពណ៌ស ១កញ្ចប់តូច ទូរស័ព្ទ ១គ្រឿង និងទី៣.ឈ្មោះ សែន រស្មី ភេទប្រុស អាយុ ៣០ឆ្នាំ ដកហូតបាន ក្រាមពណ៌ស ១កញ្ចប់តូច និងទូរស័ព្ទដៃ ១គ្រឿង ទាំង៣នាក់មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងបញ្ជូននបន្ដចាត់ការតាមនីតិវិធី៕