(ព្រះសីហនុ)៖ ឃាតកម្មសម្លាប់បុរសម្នាក់ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ត្រូវកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមស្រាវជ្រាវ និងចាប់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះថា ជនដៃដល់ដែលកម្លាំងជំនាញចាប់ខ្លួនបានឈ្មោះ ថៃ រ៉េត (ហៅគុន) អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនដៃដល់បានសម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅលើជនរងគ្រោះឈ្មោះ ទូច ចក់ អាយុ៣១ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតភូមិចំការខ្នុរ ឃុំកែវផុស ស្រុកស្ទឹងហាវ បច្ចុប្បន្នរស់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនសង្ស័យបានឆ្លើយថា ខ្លួនខឹងជនរងគ្រោះជេរម៉ែជាយូមកហើយ រហូតនៅថ្ងៃទី១៥ ខែសីហា ទើបខ្លួនបានផឹកស៊ីជាមួយជនរងគ្រោះ បន្ទាប់មកបានដើរតាមពីក្រោយជនរងគ្រោះ ហើយមានឱកាសយកដៃគ្រៀកកជនរងគ្រោះពីក្រោយជាប់ ហើយយកខ្សែក្រវ៉ាត់រឹតក ជនរងគ្រោះរហូតដល់ស្លាប់តែម្ដង។ បច្ចុប្បន្នសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕