ជនជាតិឥណ្ឌូនេស៊ី៣នាក់ ត្រូវបានចាប់ខ្លួននៅកូរ៉េខាងត្បូង សង្ស័យពាក់ព័ន្ធនឹងក្រុម ISIS
27-01-2016 19:44
(ហ្សាកាតា)៖ យោងតាមព័ត៌មានស៊ីនហួរ ចេញផ្សាយនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ ជនជាតិឥណ្ឌូនេស៊ី ចំនួន៣នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ ដោយសង្ស័យមានទំនាក់ទំនង ជាមួយនឹងក្រុមឧទ្ទាម រដ្ឋឥស្លាម ISIS។
ក្រសួងការបរទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ២នាក់ នៃជនសង្ស័យទាំង៣នាក់ បានបញ្ជូនមកកាន់ឥណ្ឌូនេស៊ីវិញហើយ បើទោះបីជាជនទី៣ កំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកកាន់ឥណ្ឌូនេស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
ជនសង្ស័យទាំង៣នាក់ បានក្លាយជាមនុស្សមានការជាប់ពាក់ព័ន្ធ នឹងក្រុម ISIS បន្ទាប់ពីពួកគេបានបង្កើតទំនាក់ទំនង ជាមួយក្រុមឧទ្ទាមមួយនេះ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម៕