(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញជំងឺកញ្ជ្រឹលមួយករណីទៀត ដែលកើតលើទារកអាយុ៧ខែ។ ករណីជំងឺកញ្ជ្រឹលលើទារកអាយុ ៧ខែ ជាករណីពិសេសដែលរកឃើញ ព្រោះជាទូទៅ កញ្ជ្រឹលកើតមាននៅលើទារកអាយុ ៩ខែ ហើយអនុលោមតាមប្រតិទិនរបស់ អង្គការសុខភាពពិភពលោក វ៉ាក់សាំង ការពារជំងឺកញ្ជ្រឹល ស្អូចទី១ អាចផ្តល់ជូនបានលុះត្រាតែទារក មានអាយុចាប់ពី ៩ខែឡើងទៅ។
ការរាយការណ៍ករណីជំងឺកញ្ជ្រឹលនេះ គឺជាផ្នែកមួយនៃការតាមដានស្រាវជ្រាវ ជាប្រចាំរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា មានករណីសង្ស័យជំងឺកញ្ជ្រឹលមួយករណីលើទារកអាយុ៧ខែ ដែលបានរាយការណ៍មកមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ដែលទារកនៅមកពីឃុំព្រះវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ករណីសង្ស័យនេះត្រូវបានបញ្ជាក់ថាជាជំងឺកញ្ជ្រឹល ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងដោយមន្ទីរពិសោធន៍ ប្រចាំតំបន់ របស់អង្គភាពសុខភាពពិភពលោក នៅក្នុងទីក្រុងហុងកុង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។
បន្ទាប់ពីទទួលបានលទ្ធផលពិសោធន៍ភ្លាមៗ ក្រសួងសុខាភិបាល បានកោះប្រជុំបន្ទាន់ ហើយបានបញ្ចូនក្រុមអង្កេតចុះទៅដល់កន្លែងកើតហេតុ ដើម្បីអង្កេតករណីបន្ថែមទៀត និងសម្រាប់រៀបចំសកម្មភាពឆ្លើយតបជាបន្ទាន់។
យ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានស្ថានភាពលុបបំបាត់ជំងឺកញ្ជ្រឹល នៅក្នុងខែមីនា ឆ្នាំ២០១៥ មកកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល បាននឹងកំពុងតែបន្តការតាមដានស្រាវជ្រាវ ជំងឺកញ្ជ្រឹល ដើម្បីស្វែងរកអំពីករណីវីរុសជំងឺកញ្ជ្រឹលឆ្លងចូលពីប្រទេសក្រៅ និងដើម្បីធានាឲ្យបាននូវវិធានការ ត្រួតពិនិត្យសមស្រប ដែលអាចអនុវត្តបាន។
ការកើតឡើងវិញនៃជំងឺកញ្ជ្រឹលនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសលុបបំបាត់ជំងឺកញ្ជ្រឹលនេះ អាចកើតមានដោយសារមានការឆ្លងមេរោគខ្ពស់ និងអាចឆ្លងយ៉ាងឆាប់រហ័ស ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ទៀតតាមរយៈការចំលងចូលពីប្រទេសជិតខាង។ មនុស្សដែលផ្ទុកវីរុស ជំងឺកញ្ជ្រឹល អាចឆ្លងទៅអ្នកដទៃបាន សូម្បីតែមុនពេលមានចេញរោគសញ្ញាកន្ទួលក្រហមលេចឡើងក៏ដោយ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា យើងបេ្តជ្ញាប្រយុទ្ធ និងចាត់វិធានការសមស្រប ដើម្បីបញ្ចប់ការចំលងវីរុសកញ្ជ្រឹលនេះជាបន្ទាន់ ដោយសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការ UNICEF៕