(សៀមរាប)៖ តំណាងនិយោជកនៃភូមិវប្បធម៌កម្ពុជា លោកស្រី លឹម សុភ័ក្រ ដែលជាប្រធានគ្រប់គ្រងទូទៅ និងលោក ទូច សុជាតិ ជាអនុប្រធានគ្រប់គ្រងទូទៅ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ បានចេញមកបញ្ជាក់ចំពោះការចោទប្រកាន់ពីក្រុមកូដករថា ខាងភាគីនិយោជក មានការគេចវេសមិនព្រមដោះស្រាយនោះ គឺមិនពិតទេ។
តំណាងនិយោជកភូមិវប្បធម៌កម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការដោះស្រាយជាមួយកម្មករនិយោជិតជាង៤០នាក់ ត្រូវបានជួបចរចាដោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់បានឯកភាពគ្នាណាមួយឡើយ។ ទន្ទឹមនឹងនេះ និយោជកភូមិវប្បធម៌កម្ពុជា ក៏នៅតែបង្ហាញនូវគោលជំហរ ក្នុងការចូលរួមដោះស្រាយវិវាទការងារនេះឲ្យបានឆាប់បំផុត។
និយោជកភូមិវប្បធម៌កម្ពុជាបានពន្យល់ថា នៅក្នុងកំឡុងពេលនៃការចាប់ផ្ដើម នៃការរាតត្បាតជម្ងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចទូទាំងពិភពលោក បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើវិស័យទេសចរណ៍ក្នុងក្រុងសៀមរាប មានដូចជា៖ ភោជនីយដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន និងផ្ទះសំណាក់ជាដើមត្រូវបានបិទទ្វារ។
រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា ក៏ទទួលរងនូវវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ចំពោះការធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួន ដោយសាការធ្លាក់ចុះភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប៉ុន្តែដើម្បីបញ្ចៀសការបិទអាជីវកម្មទាំងស្រុង និងដើម្បីរក្សាការងាររបស់កម្មករនិយោជិតនៅដដែល ក្រុមហ៊ុនភូមិវប្បធម៌ សុខចិត្តដោះស្រាយឱ្យកម្មករនិយោជិតជាង៣០០នាក់យ៉ាងលំបាកបំផុត។
គណៈគ្រប់គ្រងក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា បានខិតខំរិះរកគ្រប់មធ្យោបាយបង្កើតទេសភាពប្លែកៗស្អាតៗ ការច្នៃប្រឌិតគំនិតថ្មីដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីចូលទស្សនាភូមិវប្បធម៌កម្ពុជា ដែលមានភាពទាក់ទាញខុសប្លែកពីឆ្នាំមុនៗ។
ម្យ៉ាងទៀតក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាគឺជាផ្នែកមួយទ្រទ្រង់នៃវប្បធម៌ជាតិ និងជួយបង្កើនសេដ្ឋកិច្ចជាតិមួយផ្នែកដែលជួយដល់ប្រជាជនក្នុងតំបន់អោយមានការងារធ្វើបង្កើនជីវភាពរស់នៅអោយល្អប្រសើរ និងជៀសវាងការចំណាកស្រុក ។
ក្រុមហ៊ុនបានព្យាយាមដោះស្រាយផ្តល់ប្រាក់បៀវត្សរ៍ ដែលល្អប្រសើរជាងការព្យួរការងារ (មិនមានផ្តល់ប្រាក់បៀវត្សរ៍ដល់កម្មករនិយោជិត) ក្រុមហ៊ុនបានធ្វើការជួបពិភាក្សាជាមួយប្រធានផ្នែក និងកម្មករនិយោជិតទាំងអស់អំពីការផ្តល់ប្រាក់បៀវត្សរ៍៨០% និងកាត់បន្ថយម៉ោងការងារ២០% ស្មើនឹង៦ម៉ោងកន្លះក្នុងមួយថ្ងៃ សម្រាប់ កម្មករនិយោជិតដែលមានប្រាក់បៀវត្សរ៍ក្រោម២០០ដុល្លារសហរដ្ឋអាមេរិក ក្រុមហ៊ុនមិនមានកាត់នោះទេ និងបន្ថយម៉ោងការងារ២០%ទៀតផង។
កម្មករនិយោជិតជាង២០០នាក់ យល់ព្រមទទួលយកដោយពេញចិត្ត ព្រោះបានដឹងពីស្ថានភាពដុនដាបរបស់ក្រុមហ៊ុន តែក្រុមកូដករមួយចំនួនជាង៤០នាក់មិនយល់ព្រមទៅវិញ។ ចំពោះសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទៅលើអនុសញ្ញារួម ក្រុមហ៊ុនបានកំណត់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ តែក្រុមកូដករនៅតែមិនយល់ព្រមដដែល។
តំណាងនិយោជកនៃភូមិវប្បធម៌កម្ពុជាបន្តថា ចំពោះការទាមទារ០៣ចំណុច របស់កម្មករនិយោជិតកន្លងមក ក្រុមហ៊ុនបានចូលរួមចរចា និងដោះស្រាយជាច្រើនលើកច្រើនសារ ដោយមានអន្តារាគមន៍ចូលរួមពី អជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ពន្ធ័មកពី រដ្ឋបាលខេត្តសៀមរាប និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុន្តែក្រុមកូដករនៅតែមិនយល់ព្រមដដែល។ និយាយរួមគ្រប់ចំណុច នៃការទាមទាររបស់កម្មករនិយោជិតទាំងអស់ គឺបង្ខំឱ្យភាគីនិយោជកទទួលយកទាំងអស់ ទើបក្រុមកូដករសុខចិត្ត និងចូលធ្វើការធម្មតាវិញ។ បើមិនដូច្នោះទេ ក្រុមកូដករនៅតែធ្វើកូដកម្មនៅខាងមុខភូមិវប្បធម៌កម្ពុជាដដែល។
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានដឹកនាំការប្រជុំទ្វេរភាគី ដើម្បីសម្របសម្រួល និងផ្អាកកូដកម្ម ចាប់ពីថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរនេះតទៅ។ ប៉ុន្តែលុះដល់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ ភាគីកម្មករនិយោជិត បានបន្តធ្វើកូដកម្មឡើងវិញ ដោយលើកហេតុផលថា ពុំមានដំណោះស្រាយណាមួយជួបនូវតម្រូវការចង់បានរបស់កូដករ។
បើតាមថ្នាក់ដឹកនាំមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា ខាងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរជំនាញក៏ដូចជាស្ថាប័ន អង្គភាពពាក់ព័ន្ធ បាន និងបន្តនីតិវិធីក្នុងការសម្របសម្រួលផ្សះផ្សារ ដើម្បីរកដំណោះស្រាយផងដែរ៕