(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស ២នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស ៥នាក់ ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ រិទ្ធ សួណា អធិការនគរបាលស្រុកត្បែងមានជ័យ បានថ្លែងប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើបានដឹកសមាជិកគ្រួសារចំនួន ៨នាក់ ធ្វើដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅស្រុកគូលែន លុះដល់កន្លែងកើតហេតុរថយន្តខាងលើបានបន្ថែមល្បឿនឡើងវ៉ាជែងរថយន្តខាងមុខ ដោយសារល្បឿនលឿនយកចង្កូតខ្លាំងពេក ក៏ជ្រុលធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។

លោកអធិការស្រុកត្បែងមានជ័យបានបញ្ជាក់បន្ថែមថា ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកអ្នករបួសទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយរថយន្តត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។

លោក រិទ្ធ សូណា បានឱ្យដឹងទៀតថា រថយន្តដែលក្រឡាប់ម៉ាកតូយ៉តាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z- 7512 បើកបរដោយឈ្មោះ ម៉ៅ ណាល់ អាយុ៣៩ឆ្នាំ រស់នៅភូមិបរិបូរណ៍ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។

ដោយឡែកអ្នកស្លាប់២នាក់ មានឈ្មោះ
* ទី១៖ ឈ្មោះ ស្រី និច ភេទស្រី អាយុ២៥ឆ្នាំ
* ទី២៖ ឈ្មោះ ណាល់ ផានិត ភេទប្រុស អាយុ១២ឆ្នាំ។

ចំណែកអ្នករបួសមានឈ្មោះ
* ទី១៖ ឈ្មោះ ម៉ៅ សិលា ភេទស្រី
* ទី២៖ ឈ្មោះ ម៉ៅ រិទ្ធយុង ភេទប្រុស
* ទី៣៖ ឈ្មោះ ស្រី សៅ ភេទប្រុស អាយុ២១ឆ្នាំ
* ទី៤៖ ឈ្មោះ ម៉ុច មឿង ភេទស្រី អាយុ៦២ឆ្នាំ
* ទី៥៖ ឈ្មោះ លឿន ភេទស្រី អាយុ៦៣ឆ្នាំ៕