(សៀមរាប)៖ បន្ទាប់ពីថ្ងៃឈប់សម្រាកកន្លងផុតទៅប្រកបដោយភាពសប្បាយរីករាយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមគ្រួសារ នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញការកោតសរសើរដល់គណៈអភិបាលខេត្ត ដែលបានដឹកនាំអនុគណៈកម្មការរៀបចំកម្មវិធី «សម្រាកសៀមរាប» បានយ៉ាងជោគជ័យ។

លោកអភិបាលក៏បានថ្លែងការអរគុណដល់លោក ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនខេត្តសៀមរាប និងក្រុមគ្រួសារ ស.ស.យ.ក ដែលបានសហការ តុបតែងលម្អក្រុង រៀបចំបង្កើតផ្សារទឹក ជិះទូកកម្សាន្ត ជិះកង់ និងសម្របសម្រួលកម្មវិធីនានាបានយ៉ាងល្អ ដោយភាពទាក់ទាញ បញ្ចូលនូវភាពសប្បាយដល់ប្រជាពលរដ្ឋទាំងអស់។

លោកបានបន្តអរគុណដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីជិះកង់ដើម្បីសប្បុរសធម៌ ដែលបានផ្តល់ឱកាសដល់អ្នកស្នេហាកីឡាមករួមដៃគ្នាជួយដល់អ្នកខ្វះខាតក្នុងខេត្ត និងបានអរគុណដល់មគ្គទេសក៍ទេសចរណ៍ ដែលបានចូលរួម និងបង្ហាញពីប្រវត្តិសាស្ត្រប្រាសាទជាច្រើនក្នុងតំបន់អង្គរ។

លោកក៏បានអរគុណដល់រដ្ឋបាលក្រុង-ស្រុកទាំង ១២ អាជ្ញាធរអប្សរា មន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ មន្ទីរពាណិជ្ជកម្ម មន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ ដែលនៅជួយពង្រឹងវិធានការពារការបង្ការការរាលត្បាតនៃកូវីដ-១៩ ការសម្អាតបរិស្ថាន ការពារទាំងសន្តិសុខ សណ្តាប់ធ្នាប់ កំឡុងពេលកម្មវិធីប្រាំមួយថ្ងៃកន្លងមក ។

លោកបន្ថែមថា កម្មវិធីនេះជោគជ័យទៅបាន ក៏ដោយសារប្រជាពលរដ្ឋបានជ្រើសរើសយកខេត្តសៀមរាប ក្នុងរយៈពេលថ្ងៃឈប់សម្រាកធំនេះ។ លោកបានជូនពរសុខភាពល្អ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅវិញ និងជួបគ្នាម្តងទៀតក្នុងពេលឆាប់ៗខាងមុន៕